ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងក្នុងហ្វេសប៊ុកថាៈ នៅតាមបណ្តារខេត្តខ្លះ ក្នុងប្រទេសកម្ពុជា មានស្ថានភាពដែលប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ ស្នើឱ្យកាកបាទក្រហមកម្ពុជា បង្វែរទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍ឲ្យសាខា អនុសាខា អនុវត្តដូចតទៅ៖
សាខា អនុសាខា ក្រុម អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ត្រូវក្ដាប់ឱ្យបានអំពីតម្រូវការ
ទឹកបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវចាត់វិធានការដឹកទឹកចែកជូនឱ្យបានទាន់ពេលវេលា ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារការខ្វះទឹកឡើយ។
សាខាត្រូវបន្តកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកឲ្យអស់ពីលទ្ធភាពសាខាក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សាខា ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីផ្ដល់ថ្នាំក្លរ៉ាមីនជូនប្រជាពលរដ្ឋដែលប្រើប្រាស់ ទឹកមិនស្អាត និងក្ដាប់ឱ្យបាននូវការលេចឡើងនូវជំងឺដែលកើតឡើងដោយសារការប្រើប្រាស់ទឹកមិនស្អាត ឬការខ្វះខាតទឹក ដោយមិនបានធ្វើអនាម័យខ្លួនប្រាណឱ្យបានទៀងទាត់។
កាកបាទក្រហមកម្ពុជា សូមអំពាវនាវ ដល់បងប្អូនរួមជាតិទាំងអស់ សូមមេត្តាចូលរួមក្នុងការដោះស្រាយបញ្ហាខ្វះទឹក ដែលកំពុងគម្រាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ៕
ដោយ សីលា