ក្រសួងបរិស្ថាន បានសហការរៀបចំប្រារព្ធកម្មវិធីរត់ ប្រណាំងក្រោមប្រធានបទ «រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព»

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅក្នុងក្របខណ្ឌនៃការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងក្រុមហ៊ុនឯកជនដៃគូ បានសហការរៀបចំប្រារព្ធកម្មវិធីរត់ ប្រណាំងក្រោមប្រធានបទ «រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព»នៅលើទឹកដីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរីដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ថាជាក្រុងដីស្អាតរបស់អាស៊ាន។ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក តុប សុភក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ «កម្មវិធីរត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព»មានអ្នកចូលរួមប្រមាណជុត ២០០នាក់ អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី។ កម្មវិធីរត់ប្រណាំងដែល លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងចាត់ទុកថាជាឱកាសមួយសម្រាប់អ្នកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងអ្នកស្រឡាញ់សុខភាពមានឱកាសជួបជុំគ្នាដើម្បីធ្វើសកម្មភាពរួមគ្នាដើម្បីបុព្វហេតុបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ខ្លួន។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា កម្មវិធីរត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាពនេះគឺជាការបង្ហាញឱ្យឃើញពីចំណងទាក់ទងគ្នារវាងមនុស្សនិងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាននិងអនាម័យល្អដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូណ៌បែប។ លោកបានលើក ឡើងថាធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។ លោករដ្ឋលេខាធិការគូសបញ្ជាក់ថា ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញ នោះជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរព ស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិគឺជាការ គោរពស្រឡាញជីវិតមនុស្ស។ លោកបានមានប្រសាសន៍ថា៖ «យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរពនិងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ»។

អ្នកចូលរួមរត់ប្រណាំងដែលមានទាំងជនជាតិខ្មែរនិងបរទេស ពោរពេញដោយទឹកមុខសប្បាយរីករាយនិងប្រកបដោយមោទកភាព។ ការរត់ប្រណាំងនេះមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រនៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ផ្តើមពីទីស្នាក់ការអង្គការ WWF រហូតដល់សួសច្បារដំរីដែកនៅកណ្តាល ក្រុងសែនមនោរម្យ។ រូបភាពនៃសកម្មភាពរត់ប្រណាំងនេះ បានបង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យអំពី សារៈសំខាន់នៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការគិតគូរពីសុខភាពខ្លួននិងសហគមន៍ទាំងមូល។ លោក នេត្រ ភក្ត្រា បានថ្លែងថាចេញពីទីក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរី ប្រជាពលរដ្ឋនឹងយល់កាន់តែច្បាស់លាស់ថា បរិស្ថាននិងធនធានធម្មជាតិពិតជាមានសារៈសំខាន់ ហើយសុខភាពយើង ក៏កាន់តែសំខាន់ ហើយក៏ពឹងអាស្រ័យលើបរិស្ថាន ធម្មជាតិផងដែរ។

ក្នុងការរត់ប្រណាំងនេះ ជ័យលាភីលេខ ១ ដល់លេខ ៣ បាន ទទួលពាននិងសម្ភារៈមួយចំនួន ប្រគល់ដោយគណៈអធិបតី មកពីក្រសួងបរិស្ថាន ម្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងអង្គការ WWF។ ដោយឡែកទិវាមួយម៉ោងសម្រាប់ភបដែដីនឹងត្រូវប្រារព្ធនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំក្រោមអធិបតីភាពឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅសួនច្បារក្រុងសែនមនោរម្យដោយរំពឹងថាមានអ្នកចូលរួមច្រើន កុះករ។ ម្យ៉ាងទៀត អ្នកចម្រៀងដ៏ល្បីនៅកម្ពុជាគឺកញ្ញា មាស សុខសោភា និងតារាចម្រៀងផ្សេងទៀត និងមានការសម្តែងសិល្បៈពីជនជាតិដើមទៀតផង៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print