ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាមួយព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង បានរៀបចំពិធីស្រង់ព្រះ ស្រោចស្រពសុគន្ធវារី ប្រគេនព្រះសង្ឃ និងជូនដល់លោកតា លោកយាយ ចំនួន ៥០០នាក់ ក្នុងឱកាសពិធីខួបគម្រប់២០ឆ្នាំ នៃការកកើតវត្តធុតង្គចំការដូង និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានកន្លងផុតទៅថ្មីៗនេះ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
រដ្ឋបាលខណ្ឌដោយរួមមានគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ យុវជន បានចូលរួមជាមួយព្រះគ្រូចៅអធិការ ដើម្បីស្រង់ព្រះ ព្រមទាំងស្រោចស្រពសុគន្ធវារីជូនដល់ព្រះសង្ឃ និងលោកយាយ លោកតា ចំនួន ៥០០នាក់ ដើម្បីអបអរសាទរពិធីបុណ្យរំលឹកខួប ២០ឆ្នាំ នៃការកកើតវត្តធុតង្គចំការដូង (១៩៩៦-២០១៦) ដែលនេះបានបង្ហាញអំពីការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ដល់ចាស់ព្រឹទ្ធាចារ្យ និងបំពេញបុណ្យកុសលសម្រាប់ចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ។
ជាមួយគ្នានោះ លោកអភិបាលបានលើកឡើងថា រៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងធ្វើពិធីស្រង់ព្រះ, ព្រះសង្ឃ, ឪពុក ម្តាយ, ជីដូន ជីតា, ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណទាំងអស់ ដើម្បីជម្រះមន្ទិលសៅហ្មង ទាំងផ្លូវកាយ វាចា ចិត្ត និងសុំពរជ័យពីអ្នកមានគុណទាំងនោះ ដើម្បីប្រោះព្រំកូនចៅ ក្នុងឱកាសឆ្នាំថ្មី ឲ្យជួបតែសុភមង្គល សិរីសួស្តីជាដើម។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ព្រមទាំងព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការ បានឧបត្ថម្ភជូនដល់លោកយាយ លោកតា ដែលបានចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ទទួលបាន មី៧កញ្ចប់ តែ៣កញ្ចប់ ស្ករស១កញ្ចប់ ទឹកដោះគោ១កំប៉ុង ទៀនធូប និងថវិកា ១ម៉ឺនរៀល៕
ដោយ៖ជីម ភារ៉ាដង្កោ