លោក ឃឹម ហ្វីណង់ : សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញរួសរាន់នាំយកឯកសារស្របច្បាប់បញ្ជាក់អំពីការកាន់កាប់ដីធ្លីទាំងនេះមកកាន់រដ្ឋបាលស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប : លោក ឃឹម ហ្វីណង់ អភិបាលស្រុក នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងភូមិសាស្រ្តដូចដែលមានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម អញ្ជើញរួសរាន់នាំយកឯកសារស្របច្បាប់បញ្ជាក់អំពីការកាន់កាប់ដីធ្លីទាំងនេះមកកាន់រដ្ឋបាលស្រុកបន្ទាយស្រីចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យរដ្ឋបាលស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបមានមូលដ្ឋានច្បាស់លាស់ដើម្បីចាប់ផ្តើមពិនិត្យដោះស្រាយនូវរាល់វិវាទទាំងឡាយដែលកំពុងកើតមាននៅក្នុងតំបន់នេះ។

លោកលើកឡើងថា, វិវាទដីធ្លីដែលភាគច្រើនកើតចេញពីការត្រួតសុីគ្នានៃឯកសារគតិយុត្តិ ភាពមិនច្បាស់លាស់នៃព្រំប្រទល់ និងភាពស្រពេចស្រពិលនៃការកាន់កាប់អាស្រ័យផល នៅតែបង្កជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងស្រុកបន្ទាយស្រី ដែលមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ចាត់ចែងដីធ្លីរបស់ខ្លួនឱ្យអស់លទ្ធភាព ហើយដែលជាអាទិភាពមួយដ៏សំខាន់សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុកឱ្យអស់ពីសក្តានុពល។

សូមបញ្ជាក់ថា, រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងភូមិប្រិយ៍ ភូមិខ្នារ និងភូមិ សណ្តាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មេត្តាជ្រាបថា ដោយសារកន្លងមកមានបងប្អូនប្រជា ពលរដ្ឋមួយចំនួនបានមកអះអាង និងចង្អុលបង្ហាញក្បាលដីម្តងម្នាក់ៗនៅទីតាំងដីខាងលើ ហើយការចង្អុលបង្ហាញ ទីតាំងដីនោះ មានក្បាលដីខ្លះជាន់គ្នា និងក្បាលដ៏ខ្លះមិនជាន់គ្នានោះទេ។

ដូច្នេះ ដើម្បីឲ្យរដ្ឋបាលស្រុក និងមន្ទីរ មានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយជូនបងប្អូនប្រជា ពលរដ្ឋ សូមបងប្អូនដែលមានឯកសារស្របច្បាប់បញ្ជាក់អំពីការកាន់កាប់ដីមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត ខាងលើ ស្មូមយកឯកសារទាំងនោះមកដាក់នៅរដ្ឋបាលស្រុកបន្ទាយស្រី ចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ រៀងរាល់ម៉ោងធ្វើការ ។ ក្នុងករណីបងបួន ខកខានពុំបានយកឯកសារ ដូចបានបញ្ជាក់ជូនខាងលើ មកដាក់នៅរដ្ឋបាលស្រុកបន្ទាយស្រីតាមពេលវេលាកំណត់នោះទេ រដ្ឋបាលស្រុក បន្ទាយស្រី និងមន្ទីររៀបចំរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ពុំទទួលខុសត្រូវ អំពីការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ ។

រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងយកឯកសារស្របច្បាប់បញ្ជាក់ពីការកាន់កាប់ដីដែលមានទីតាំងដូច បានបញ្ជាក់ជូនខាងលើ មកដាក់នៅរដ្ឋបាលស្រុកបន្ទាយស្រីតាមពេលវេលាកំណត់ខាងលើជាក់ជាមិនខាន។ អាស្រ័យដូចហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print