ភ្នំពេញ៖ កម្លាំងការិយាល័យបង្រ្កាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើក ប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខណ្ឌទួលគោករួមគ្នាបង្រ្កាបក្រុមជួញដូរគ្រឿងញៀនមួយសំបុក ដែលអាចជាមេគ្រឿងញៀន ធំ នៅរាជធានីភ្នំពេញ រហូតមានការផ្ទុះអាវុធដាក់គ្នាបណ្តាលឲ្យមន្រី្តកងរាជអាវុធហត្ថរាជធានីម្នាក់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ព្រមទាំងសមត្ថកិច្ចចម្រុះឡោមព័ទ្ធផ្ទះល្វែងមេគ្រឿងញៀនអស់រយៈពេលច្រើនម៉ោង ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦ នៅផ្ទះលេខ៣៧ មានស្លាកយីហោ លី កុកហ៊ុយ ខ្វៃជ្រូក ផ្លូវលេខ៣៥១ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ នៅភូមិត្រពាំងឈូក (ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ)សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ហើយសមត្ថកិច្ចដឹកបក្ខពួកជនសង្ស័យម្នាក់នេះទៅចង្អុលបង្ហាញទីតាំងខាងលើ ថាជាកន្លែងដែលខ្លួនទិញគ្រឿង ញៀនយកទៅចែកចាយបន្ត ទើបសមត្ថកិច្ចចេញទៅក្រសោបមេធំរហូតមានការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាប្រមាណ២-៣នាក់ ជិះរថយន្តស៊េរីទំនើបម៉ាកអូឌីពណ៌ស ពាក់ស្លាកលេខ នគរបាល២- ០៦២១ ប្រដាប់ដោយកាំភ្លើងវែង ខ្លី មិនតិចជាង ២ ដើម បានបើករថយន្តនេះចូលផ្ទះរបស់ពួកគេក្នុងគោលបំណងគេចខ្លួនពេលដែលឃើញសមត្ថកិច្ចចម្រុះនាំបក្ខពួកទៅឆែកឆេរដល់ផ្ទះ ។ ក្នុងករណីនេះបានធ្វើឲ្យមានការផ្ទុះអាវុធតដៃ គ្នារវាងក្រុមជនសង្ស័យនិងសមត្ថកិច្ចអស់ជាច្រើនគ្រាប់ ហើយទីបំផុតមន្ត្រីកងរាជអាវុធហត្ថ រាជធានីម្នាក់ឈ្មោះ ទៀន ករុណា រហស្សនាម និមិត្ត៣៣ បានរងរបួសធ្ងន់ដោយក្រុមជនសង្ស័យបាញ់ត្រូវទ្រូង ហើយត្រូវកម្លាំងចម្រុះដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់មកក៏ដឹកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះ ប៉ុន្តែដោយរបួសធ្ងន់ពេកមន្ត្រីកងរាជអាវុធហត្ថរូបនោះក៏បាត់បង់ជីវិតទៅ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្នុងករណីបាញ់តដៃគ្នាដូចក្នុងសមរភូមិនេះ បានធ្វើឲ្យកម្លាំងសមត្ថកិច្ចបន្ថែមកម្លាំងជាច្រើននាក់ទៀតមកឡោមព័ទ្ធផ្ទះល្វែងមួយកន្លែងនេះអស់រយៈពេលជាងមួយម៉ោងទើបសម្រុកចូលទៅដល់ក្នុងផ្ទះក្របួចបានជនសង្ស័យ៣ បន្ថែមទៀត សុទ្ធតែរងរបួស ហើយស្លាប់មេខ្លោងដែលបាញ់តដៃសមត្ថកិច្ចម្នាក់នៅក្នុងផ្ទះ និងរឹបអូសបានកាំភ្លើងកា៥៤មួយដើម ព្រមទាំងថ្នាំញៀនមួយចំនួន រួចបញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្លាមៗ ៕
ស ដារ៉ា