ខេត្តរតនគិរីៈ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា អនុវត្តអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃមកពីឃុំ ចំនួន៣ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី សរុបចំនួន៤១៣ គ្រួសារ ដែលពិធីនេះប្រព្រឹត្តនៅក្នុងបរិវេណសាលាស្រុក អណ្តូង មាស ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកនាយកនាយកដ្ឋាន បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននិងចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ។
ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគអេដស៍មានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក និងដើម្បីការពារការឆ្លងមេរោគអេដស៍ពីមាតាទៅទារកផងដែរ ។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ៕
ដោយ សុខ ខេមរា