សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ។ 

ក្នុងជំនួបនេះ លោកស្រី ប៉ូលីន ថាំមីស៊ីស បានគោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកស្រី សូមគោរពវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។ 

លោកស្រី ប៉ូលីន ថាំមីស៊ីស​ គោរពជម្រាបជូនសម្ដេចតេជោថា  ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជាទី១ វិនិយោគលើវិស័យធនធានមនុស្ស  ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន   សែន បានយល់ស្របចំពោះការលើកឡើងរបស់ លោកស្រី ប៉ូលីន ថាំមីស៊ីស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើង អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឲ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីប៉ូលីន នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល ។ 

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីប៉ូលីន និងថ្លែងអំណរគុណចំពោះប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលបានចូលរួមចំណែក និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា  ហើយសម្តេចតេជោក៏បានជូនពរចំពោះលោកជំទាវប៉ូលីន ឲ្យទទួលបាននូវភាពជោគជ័យលើរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕

      

...

ដោយ ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print