ភ្នំពេញ : នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ នៅឯទីរួមខេត្តសៀមរាប ខ្ញុំបានលើកឡើងទាក់ទិនជាមួយនឹងការប៉ុនប៉ុងសាកល្បង អំពីកាតព្វកិច្ចពាក់ម៉ាស នៅក្នុងខេត្តខ្លះ ។ សម្ដេចតេជោថ្លែងថាថ្ងៃនេះ, បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ ដែលមានបណ្ដាឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធដទៃទៀត ខ្ញុំក្នុងនាមរាជរដ្ឋាភិបាល សូមបញ្ជាក់ និងសម្រេចថា, យើងដាក់ខេត្តបួន, គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ គឺជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គល ជាអ្នកសម្រេចថាពាក់ម៉ាសឬមិនពាក់ម៉ាស។
សម្ដេចមានប្រសាសន៍លើកឡើងថា, បានសេចក្តីថាខេត្តទាំងបួននេះ,មិនតម្រូវថាត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែបើយើងទុកលទ្ធភាពជូនប្រជាជនរបស់យើង សម្រេចចិត្តដោយខ្លួនឯង ថាតើគួរពាក់ម៉ាស ឬមិនគួរពាក់ ! នៅក្នុងខេត្តទាំង 4 នេះ។ សម្ដេចថ្លែងបន្តថា, ធ្វើយ៉ាងដូច្នេះដើម្បីធ្វើឱ្យប្រជាពលរដ្ឋរបស់យើង យកការទទួលខុសត្រូវដោយខ្លួនឯង ដោយនោះមិនយកការពាក់ម៉ាស ហើយក៏មិនបង្ខំឲ្យពាក់ម៉ាស់ ឬមិនពាក់ម៉ាកមុនទេ ! គឺទុកឲ្យប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯង។ សម្ដេចតេជោបានថ្លៃងថា, សង្ឃឹមថាប្រជាពលរដ្ឋរបស់យើង និងពិចារណាដោយខ្លួនឯង ! ឧទាហរណ៍, នៅតំបន់ទីប្រជុំជន កន្លែងដែលមានមនុស្សច្រើន ក្នុងករណីមានការសង្ស័យណាមួយនោះ ប្រជាជនអាចពាក់ម៉ាស់ ហើយការពាក់ម៉ាស ឬមិនពាក់ម៉ាស ទុកលទ្ធភាពជូនប្រជាពលរដ្ឋរបស់យើង។
សម្ដេចមានប្រសាសន៍លើកឡើងថា, នេះក្នុងករណីខេត្តទាំង 4 នេះ ប៉ុន្តែសម្ដេចក៏សូមបញ្ជាក់ថា, ក្រៅពីស្ថិតនៅក្នុងខេត្តទាំង 4 នេះ មិនពាក់ម៉ាស អ្នកទៅពីកន្លែងផ្សេង ចូលទៅក៏មិនពាក់ម៉ាស់ ។ ប៉ុន្តែនៅពេលដែលចេញផុតពីខេត្តនោះ ចូលមកដល់ដែនដីខេត្តផ្សេងទៀត ក្រៅពីខេត្តទាំង 4 នេះចាំបាច់ត្រូវតែពួកម៉ាស ។ សម្ដេចរំលឹកថា, ចំណុចនេះជាការចងចាំ នឹងត្រូវក្តាប់ឱ្យបាន។ បងប្អូននៅក្នុងខេត្តទាំង 4 នេះ ជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាសឬមិនពាក់ម៉ាស ! បងប្អូនដែលនៅពីខាងក្រៅ ទៅទស្សនកិច្ចក្នុងខេត្តទាំង៤នោះ ជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស ! គឺទុកសិទ្ធិឱ្យបុគ្គលជាអ្នកសម្រេច ប៉ុន្តែសូមបញ្ជាក់ឡើងវិញ ក្រោយពីការចាកចេញពីខេត្តទាំង 4 ខាងលើនេះ គឺត្រូវតែពាក់ម៉ាស ជាកាតព្វកិច្ច ដែលស្ថិតនៅក្នុងវិធានការសុខាភិបាល ៣កុំ និង៣ ការពារ។
សម្ដេចបានថ្លែងបន្តទៀតថា, ខ្ញុំសុំឲ្យមានការអនុវត្តចាប់ពីសារដែលខ្ញុំចេញនេះ ហើយក៏ខ្ញុំសុំឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំដើម្បីចាត់វិធានការបន្ថែម វិធានការទាំងឡាយដែលត្រូវប្រកាន់យក សម្រាប់ខេត្តទាំងបួននេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ហើយក៏សូមរំលឹកចំពោះអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ សម្រាប់ខេត្តទាំងបួននេះ ក៏ប្រឹងសម្រាប់វិធានការ ធ្វើតេស្តរហ័ស ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងករណីមានការសង្ស័យ ត្រូវស្វះស្វែងធ្វើតេស្តពីក្រុមគ្រូពេទ្យឲ្យបានឆាប់ ជាការសាកល្បង ពីភាពសុាំនៅក្នុងសហគមន៍ ខាណៈយើងបានអនុវត្តយ៉ាងជោគជ័យក្នុងពេលកន្លងទៅ៕
ដោយ : សុខ ខេមរា