ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារបន្តចែកម៉ាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តរមណីយដ្ឋាននៅវត្តភ្នំ ខណៈកំពុងលេងសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមេសា ២០២២ នេះ។
លោក ម៉េត មាសភក្ដី បានបន្តថា ការចែកម៉ាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនេះ គឺបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញ ដោយបានចែកនៅរមណីយដ្ឋានវត្តភ្នំប្រមាណ២ម៉ឺនម៉ាស់ ហើយប្រសិនបើសរុបនៅទូទាំងរាជធានីភ្នំពេញ គឺមានប្រមាណ៦ម៉ឺន៥ពាន់នាក់ ហើយថ្ងៃម្សិលមិញមានជិត៤ម៉ឺននាក់។ នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ គឺមានមនុស្សម្នាមកលេងកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ ក៏ដូចជារាជធានីភ្នំពេញយ៉ាងច្រើនកុះករ។
លោកបានបន្តទៀតថា ដោយសារមើលឃើញភាពកុះករកើនឡើង ខណៈអ្នកខ្លះក៏អត់បានពាក់ម៉ាសផង ទើបបានជាលោកអភិបាល ឃួង ស្រេង បានបញ្ជូនម៉ាសឲ្យអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួមកម្សាន្តនៅរមណីយដ្ឋាននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
ដោយ : សំរិត