ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល សហការជាមួយ គណៈកម្មការនិងព្រះគ្រូចៅអធិការវត្តភ្នៀតសិម្លី បានរៀបចំពិធីប្រណាំងទូកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១៤ និង ១៥ ខែមេសា ដែលត្រូវនឹងថ្ងៃទី១និងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ពិធីអុំទូកសាមគ្គីនេះបានធ្វើឡើងនៅខាងមុខបរិវេណព្រះវិហារវត្តភ្នៀតសិម្លី ដែលស្ថិតនៅក្នុងសង្កាត់ស្នោរខណ្ឌកំបូលរាជធានីភ្នំពេញ។
ក្នុងពិធីប្រណាំងទូកសាមគ្គីនេះដែរគេឃើញមានការចូលរួមពីសំណាក់ ក្រុមកីឡាករអ៊ុំទូកនិងទូកមកពីរាជធានីភ្នំពេញខេត្តកណ្ដាល ព្រៃវែង និងខេត្តកំពង់ចាម ចូលរួមសរុបចំនួន19ទូកនិងមានការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញនិងនិងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។
បើតាមព្រះតេជ្ជគុណ សំ សុខាព្រះគ្រូចៅអធិការវត្តភ្នៀតសិម្លី និងជាព្រះអនុគុណខណ្ឌកំបូល បានមានថេរដិកាឲ្យដឹងថា បន្ទាប់ពីអាក់ខានប្រារព្ធពិធីប្រណាំងទូក សាមគ្គីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិអស់រយៈពេល២ឆ្នាំមកហើយ នៅឆ្នាំនេះក៏បានឯកភាពរៀបចំឱ្យមានពិធីនេះឡើង វិញ។ បើទោះថាការរៀបចំពិធីនេះមានភាពតក់ក្រហលបន្តិចក៏ពិតមែនប៉ុន្តែក្រុមការងារបច្ចេកទេសនិងគណៈកម្មការរៀបចំបានធ្វើឡើងយ៉ាងល្អឥតខ្ចោះនិងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរមូលដ្ឋាននិងគណៈកម្មការរៀបចំចាត់ចែង។
ព្រះគ្រូចៅអធិការក៏បានមានថេរដិកាទៀតថា ឆ្នាំនេះ ទាំងកីឡាករចូលរួម ក៏ដូចជាការរៀបចំកមក្មពិធីប្រណាំងបានប្រព្រឹត្តទៅប្រកបដោយភាតរភាព សាមគ្គីភាព ក្នុងន័យលើកស្ទួយវប្បធម៌ប្រពៃណីនិងការរូបរួមដៃគ្នាដើម្បីរក្សាទំនៀមទំលាប់របស់យើងឲ្យគង់វង្សយូរអង្វែង។ មិនតែប៉ុណ្ណោះ ក៏ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងរីករាយផងដែរ។
ព្រះអង្គបានគូសបញ្ជាក់ថា ជាការពិតការប្រណាំងតែងតែមានឈ្នះចាញ់ ប៉ុន្តែការរៀបចំប្រណាំងទូកនៅទីនេះគឺមិនមែនដើម្បីតែការឈ្នះចាញ់នោះទេ គឺជាការបង្កើតឲ្យមានកម្មវិធីកំសាន្តសប្បាយផងនិងកម្មវិធីបង្កើតភាតរភាពសាមគ្គីភាពក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ថ្លៃថ្នូរនិងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាដែលមានតាំងពីយូរលង់ណាស់មកហើយជាពិសេសយើងបានបង្កើតឲ្យមានកម្មវិធីសប្បាយនៅទីនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានមកចូលរួមទស្សនាកំសាន្តនិងចូលរួមធ្វើពិធីអុំទូកយ៉ាងសប្បាយរីករាយដើម្បីអំណរសាទរ ឆ្នាំថ្មី។
ចំណែកលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលក៏បានមានប្រសាសន៍នៅក្នុងពិធីប្រណាំងទូកនេះផងដែរថា បន្ទាប់ពីពិភពលោកទាំងមូលក៏ដូចកម្ពុជាបានជួបប្រទេសនូវជំងឺរាតត្បាតកូវីដ19 ធ្វើឱ្យអាក់ខានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យសាសនានានា ទើបតែឆ្នាំនេះដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញ យើងក៏មានឱកាសរៀបចំពិធីបុណ្យទាននានាឡើងវិញរួមទាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។
លោកអភិបាលបានរំលឹកថា៖ ពិធីបុណ្យជាតិ បុណ្យសាសនានានាអាចកើតទៅបានក៏អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំងមកស្រោចជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបើគិតមកដល់ពេលនេះមានបងប្អូនប្រជាពលរដ្ឋប្រមាណជាង 90 ភាគរយបានទទួលវ៉ាក់សាំងដុះទីមួយទីពីរដុះជំរុញនិងដុះទី 4 រួចរាល់ហើយ ធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាមានការថបថយជាបន្តបន្ទាប់រហូតដល់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកឲ្យដំណើរការឡើងវិញនូវសេដ្ឋកិច្ចនិងសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។
បើទោះជាយ៉ាងនេះក៏ដោយលោកអភិបាលខណ្ឌកំបូលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនាកម្មវិធីអុំទូកឬប្រណាំងទូកមិត្តភាពនៅទីនេះក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តឬរមណីយដ្ឋាននានាសូមមានការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តនៅវិធានការការពាររបស់ក្រសួងសុខាភិបាលក៏ដូចជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលគឺរក្សា 3 ការពារនិងបីកុំឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់នឹងឈានទៅកាត់ផ្ដាច់ការរីករាលដាលជំងឺកូវីដ-19 នៅក្នុងប្រទេសរបស់យើង។
លោក ឃឹម ស៊ុនសូដា ក៏បានបង្ហាញពីការមើលឃើញការចូលរួមរបស់កីឡាករគ្រប់ទូក និងប្រជាពលរដ្ឋមកពីគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកនៅទីនេះហាក់មានភាពស្និទ្ធស្នាលរីករាយប្រកបដោយសាមគ្គីភាពភាតរ ភាពក្រោមដំបូលសន្តិភាពតែមួយនិងការយល់អធ្យាស្ រ័យ ចេះស្រឡាញ់រាប់អានគ្នា ក្នុងនាមជាប្រជាពលរដ្ឋថ្លៃថ្នូររស់ក្នុងសង្គមទំនើបស៊ីវីល័យដូចបច្ចុប្បន្ននេះ។
លោកអភិបាលខណ្ឌកំបូល ក៏បានអំពាវនាវដល់ក្រុមកីឡាករប្រណាំងទូកទាំងអស់បន្តរក្សាវប្បធម៌ស្រឡាញ់ យោគយល់គ្នា មានភាតរភាព សាមគ្គីភាពឲ្យបានល្អបន្ថែមទៀត ជាពិសេសត្រូវចូលរួមអនុវត្តន៍នៅវិធានការបីការពារបីកុំឲ្យបានគ្រប់គ្នាមិនថានៅទីនេះឬក៏នៅតំបន់កម្សាន្តណាមួយឡើយក្នុងរាជធានីភ្នំពេញ ហើយបន្តរួមគ្នាលេងល្បែងប្រជាប្រិយដែលជាប្រពៃណី វប្បធម៌របស់ខ្មែរយើងបន្សល់ទុកមក៕
ដោយ : សំរិត