ភ្នំពេញ ៖ ប្រជាពលរដ្ឋមកដើរលេងកំសាន្ត នៅរមណីយដ្ឋានវត្តភ្នំ និងនៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានចំនួនកើនលើសថ្ងៃម្សិលមិញស្ទើរតែ ២ដង គឺបានកើនឡើងដល់ជាង ១០០.០០០នាក់ឯណោះ។ នេះការបញ្ជាក់ពីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍លើកឡើងថា, រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាស់ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលមកកំសាន្តអស់ចំនួន១២.០០០ម៉ាស់ ដោយមិនគិតកម្រៃ។ ចំណែកការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ បានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាឡោមចាក់បានចំនួន២២នាក់ សរុបរួមបានចំនួន៨៩នាក់។
ចំណែកសភាពការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរណាស់ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឲ្យកត់សំគាល់ឡើយ។
ប្រជាពលរដ្ឋនិងភ្លៀវទេសចរ ដែលមកកំសាន្ត មានការសប្បាយរីរាយ និងអបអរសាទរចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកកំសាន្តសប្បាយ ប្រកបដោយសុវត្ថិភាពខ្ពស់ទាំងការងាររក្សាសន្តិសុខសុវត្ថិភាព និងការងារបង្កាទប់ស្កាត់កូវីដ១៩ផងដែរ៕
ដោយ : សិលា