នៅថ្ងៃទី១៨ ខែមេសា កម្លាំងប៉ូលិសឥណ្ឌា បានប្រកាសថា មានមនុស្ស៨៨នាក់ត្រូវបានចាប់ខ្លួន ក្រោយពីបង្កអំពើហិង្សាទៅលើកម្លាំងសន្តិសុខ ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាសាសនាដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ជាក់ស្តែង ក្រុមបាតុករជ្រុលនិយម បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅយប់ថ្ងៃតី១៦ខែមេសាក្នុងទីក្រុង Hubli ភាគខាងជើងប្រទេសឥណ្ឌា ។ អំពើហិង្សាកើតឡើងក្រោយពេលប៉ូលិសបានលើកឡើងប៉ះពាល់ដល់អ្នកកាន់សាសនាអ៊ិស្លាម ។ អ្នកដែលដែលបង្ហោះសារប៉ះពាល់ដល់សាសនាអ៊ិស្លាមត្រូវបានចាប់ខ្លួនផងដែរ។
កម្លាំងសន្តិសុខបានបញ្ជាក់ថា ក្នុងអំពើហិង្សានោះមានប៉ូលិស ១២នាក់រងរបួស ។ ប៉ូលិសក្នុងតំបន់មួយរូបបានឱ្យដឹងថា បាតុករជ្រុលនិយមមួយចំនួនបានគប់ដុំថ្មទៅលើកម្លាំងប៉ូលិស និងដុតបំផ្លាញរថយន្តប៉ូលិសផងដែរ ។
រយៈពេលជាច្រើនសប្តាហ៍កន្លងមក មានករណីប៉ះទង្គិចគ្នាជាច្រើនរវាងអ្នកកាន់សាសនាហិណ្ឌូនិងអ៊ិស្លាមនៅក្នុងពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា ។ នៅពេលថ្មីៗនេះក៏មានគ្រោះថ្នាក់រវាងមនុស្ស២នាក់ ជិះម៉ូតូក្នុងទីក្រុង Vadodara រដ្ឋ Gujarat បង្កឱ្យមានអំពើហិង្សា រវាងសាសនិកហិណ្ឌូ និងសាសនិកអ៊ិស្លាម បណ្តាលឱ្យមនុស្ស៣នាក់រងរបួស និងមធ្យោបាយធ្វើដំណើរ ១០គ្រឿងរងការដុតបំផ្លាញ៕ ដោយធីរីណា
រូបថត : AFP/TTXVN