សាលាបឋមសិក្សាដាច់ស្រយាលមួយនៃខេត្តសៀមរាប ត្រូវបាន លោកគ្រូ អ្នកគ្រូ មានការ ព្រួយបារម្ភពីសុវត្ថិភាពរបស់សិស្ស ខណៈប្រទះឃើញ សំបកគ្រាប់ និងក្បាលគ្រាប់មិនទាន់ផ្ទុះនៅក្បែរបរិវេណសាលារៀន

ចែករំលែក៖

ខេត្តសៀមរាប៖ លោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្សនៅសាលាបឋមសិក្សាគោកត្រប់ ក្នុងភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង៧០គីឡូ​ម៉ែត្រភាគខាងជើងនៃខេត្តសៀមរាប បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពកូនសិស្ស​របស់ពួកគាត់ ខណៈត្រូវគេប្រទះឃើញក្បាលគ្រាប់ និងសំបកគ្រាប់ នៅជិតបរិវេណសាលារៀនដាច់ស្រយាលមួយនៃទីរួមខេត្ត។

ហេតុការ​ណ៍ប្រទះឃើញសំបក​និងក្បាលគ្រាប់មិនទាន់ផ្ទុះ​នោះកើតឡើងនៅថ្ងៃទី២៥ខែ​មេសាឆ្នាំ២០១៦ ស្ថិតនៅភូមិស្លាត ឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោក ភឹង ដៀត ដែលជាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាគោកត្រប់ បានឱ្យដឹងថា សាលាគោកត្រប់នេះ បានកសាងឡើងតាំងពីឆ្នាំ២០១៣ ក្រោមជំនួយរបស់ប្រទេស ដាណឺម៉ាក។ ហើយសាលានេះ ជាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សាគោករាជ្យ។ លោកបន្តថា ចាប់តាំងពីបង្កើតមកសាលានេះមានការខ្វះខាតយ៉ាងខ្លាំង សូម្បីតែផ្លូវចូលសាលាក៏ដើរតាមផ្ទះប្រជាពលរដ្ឋដែរ។ ថ្មីៗនេះ ក្នុងពេលដែលសាលាមានការខ្វះខាតហើយនោះ ក៏ស្រាប់តែមានការប្រទះឃើញនូវសំបកគ្រាប់ក៏ដូចជាក្បាលគ្រាប់ចាស់ៗ នៅក្បែរបរិវេណសាលាថែមទៀត ផង ដែលបង្កឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពសិស្សយ៉ាងខ្លាំង។ លោកគ្រូ ភឹង ដៀត បានសំណូមពរដល់អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ជាពិសេសអង្គការស៊ីម៉ាក មេត្តាជួយរុករកគ្រាប់ក្នុងដីទាំងក្នុងនិងក្រៅបរិវេណសាលា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាក្មេងៗសិស្សសាលា។

ពាក់ព័ន្ធទាក់ទិននឹងករណីខាងលើនេះ លោក ភ្លក់ ផុស អភិបាលស្រុកអង្គរជុំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ខែមេសានេះថា នៅក្នុងភូមិសាស្ត្រស្រុកអង្គរជុំ គឺជាអតីតសមរភូមិក្តៅនៅក្នុងសម័យសង្គ្រាមស៊ីវិលប្រាកដណាស់ថា ពិតជាមាននៅសំបកគ្រាប់ខ្លះនៅសេសសល់តាំងពីជំនាន់ប៉ុលពត។លោកបានបញ្ជាក់ថា មុននឹងមានការសាងសង់សាលា​នេះឡើង ដោយមានការចូលរួម ទាំងមេភូមិ និងមេឃុំ ពួកគាត់បានស្គាល់ច្បាស់អំពីភូមិសាស្ត្រនេះច្បាស់ណាស់ ។

បើទោះជាយ៉ាងនេះក្តីលោក ភ្លុក ផុស បានបញ្ជាក់បន្ថែមថា លោកនឹងទាក់ទងជាមួយអង្គការស៊ីម៉ាក ដើម្បីចុះទៅតំបន់នោះ ដើម្បី រុក រាវ រកគ្រាប់មិនទាន់ផ្ទុះ បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋគាត់និងសិស្សតូចៗ ដែលកំពុងសិក្សានៅទីនោះបានស្ងប់អារម្មណ៍ផងដែរ​៕​

image

image

image

image

image

ដោយ៖ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print