ខេត្តបាត់ដំបង៖ រយៈពេល២ថ្ងៃជាប់គ្នា អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បង្រ្កាបករណីសង្ស័យជួញដូរ ចែកចាយ រក្សាទុកនូវសារធាតុញៀនបាន២ករណី ចាប់បានជនសង្ស័យចំនួន2នាក់ ដកហូតគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន១៤០គ្រាប់ ម្សៅក្រាមពណ៍ស ២៤កញ្ចាប់តូច។
ជាក់ស្តែង នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦ វេលាម៉ោង២២ និង៣០នាទី នៅចំណុចភូមិ- ឃុំ-ស្រុកភ្នំព្រឹក លោកវរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ចុះឃាត់ខ្លួនជនសង្ស័យជួញដូរចែកចាយ រក្សាទុកសង្ស័យនូវសារធាតុញៀន ១នាក់ ដកហូតគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន៦៨គ្រាប់ ម្សៅក្រាមពណ៍ស ១៥កញ្ចាប់តូច។
លោកវរសេនីយ៍ទោ សុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹក បានអោយដឹងថា ជនសង្ស័យឈ្មោះ គ្រី លីណា ហៅលី ភេទប្រុស អាយុ៣២ឆ្នាំ មកស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិ ឃុំខាងលើ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ដោយឡែកករណីដូចគ្នានេះដែរ គឺនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះឃាត់ខ្លួនជនសង្ស័យជួញដូរចែកចាយ រក្សាទុកសង្ស័យនូវសាធាតុញៀន ១នាក់ ឈ្មោះ រី ពុទ្ធា ភេទប្រុស អាយុ២៤ ដកហូតគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន៧២គ្រាប់ ម្សៅក្រាមពណ៍ស 9កញ្ចាប់តូច។
ករណីនេះសម្ថកិច្ច បានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅុកាន់ការិយាល័យជំនាញរួចរាល់ហេីយ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ដោយ៖ សីលា