ភ្នំពេញ៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលសំភារៈខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី១៩ មេសាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញនិងលោកកែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានបញ្ជាក់ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោអង្គការទស្សនៈពិភពលោក World Visionដែលបានឧបត្ថម្ភ – អាល់កុលអនាម័យចំនួន៥០០លីត្រ – ម៉ាស់បីស្រទាប់ចំនួន ២៥,០០០ម៉ស់ (៥០០ប្រអប់) – បំពង់ដបសម្រាប់ដាក់អាល់កុលចំនួន១០០ដប – ឧបករណ៍ Rapid Test kitsចំនួន២៥០ដើម
ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។
លោកនាយកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នមេរោគកូវីដ ១៩ (Covid-I9) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ បានស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិ បាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ . សំរិត