ចិនបានអំពាវនាវដល់បណ្តាប្រទេសដែលគាំទ្រកិច្ចពិភាក្សាតាមរយៈកិច្ចការបរទេសរវាងរុស្ស៊ីនឹងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ដោយឈប់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពសន្តិសុខប្រទេសអ៊ុយក្រែន នៅថ្ងៃទី ១៩ខែមេសាថា «ការបញ្ជូនអាវុធសម្រាប់ធ្វើសង្គ្រាមនឹងមិននាំមកនូវសន្តិភាពនោះឡើយ។ ការផ្តល់អាវុធនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ និងបង្កឱ្យមានវិបត្តិមនុស្សធម៌»។
លោក Zhang Jun បានបញ្ជាក់ថា «ការបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុតគឺជាមូលដ្ឋានដើម្បីបញ្ចប់វិបត្តិមនុស្សធម៌ ។ យើងខ្ញុំសូមអំពាវនាវដល់រុស្ស៊ី និងអ៊ុយក្រែន ត្រូវគោរពទៅតាមទិសដៅនៃកិច្ចពិភាក្សា ស្វែងរកបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មេបញ្ជាការម្នាក់នៃកងទ័ពម៉ារីនអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី ក្នុងទីក្រុង Mariupol បាននិយាយថា កងទ័ពរបស់លោកកំពុងប្រឈមមុខនឹងសេចក្ដីស្លាប់ ខណៈដែលទីក្រុងមូស្គូបានដាក់ឱសានវាទជាថ្មីឱ្យពួកគេទម្លាក់អាវុធសុំចុះចាញ់ បើសិនជាចង់នៅមានជីវិតរស់។
នៅក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃពុធនេះជាមួយការដង្ហោយរកជំនួយ, លោក ស៊ែរហ៊ី វ៉ូលីណា (Serhiy Volyna) ដែលជាមេបញ្ជាការនៃកងពលម៉ារីនទី៣៦ របស់អ៊ុយក្រែនបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សត្រូវមានគ្នាច្រើនជាងយើង ប្រៀបដូចជា១០ទល់នឹង១ ហើយយើងកំពុងប្រឈមមុខនឹងថ្ងៃចុងក្រោយរបស់ពួកយើង»។
បើតាមភាគីរុស្ស៉ី កងទ័ពអ៊ុយក្រែន ២,៥០០នាក់ និងទាហានស៊ីឈ្នួលបរទេស៤០០នាក់កំពុងស្ថិតនៅក្នុងរោងចក្រដែក Azovstal នៃទីក្រុងម៉ារីយូប៉ូល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ខណៈដែលអ៊ុយក្រែនក៏បានអះអាងដែរថាមានជនស៊ីវិល ១,០០០នាក់កំពុងស្ថិតនៅក្នុងរោងចក្រនេះ និងអំពាវនាវឱ្យយកពួកគេចេញទៅកន្លែងមានសុវត្ថិភាព៕ ដោយធីរីណា