ខេត្តកណ្តាល ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជម្នាក់ និងមន្ត្រីផ្នែកប្រឆាំងគ្រឿងម្នាក់ ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបង្ក្រាបគ្រឿងញៀននៅវេលាម៉ោង១២និង១៥នាទី. ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ.ចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា , នគរបាលដែលត្រូវជនសង្ស័យបាញ់ប្រហារបណ្ដាលឲ្យស្លាប់ចំនួន២នាក់នោះរួមមាន :
ទី១-លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍ទួលព្រេជ, ទី២-លោកអនុសេនីយ៍ទោ រឹម សុផាន់ណា មន្ត្រីផ្នែក
គ្រឿងញៀន។ រីឯមន្ត្រីម្នាក់ទៀតរបួសស្រាលលោកអនុសេនីយ៍ត្រី វ៉ន រុទ្ធី មន្ត្រីប៉ុស្តិ៍ទួលព្រេជ។ ចំណែកជនសង្ស័យជាឃាតករ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ ធីម ឌឿន ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងបានមាន÷ អាវុធខ្លី១ដើម របស់ជនសង្ស័យ។
លោកអធិការបញ្ជាក់ថា , ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយជននេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៥ ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី១-ដីកាលេខ៤០៧ ចុះថ្ងៃទី១៥.០៦.២០២០ របស់លោក អឿង វណ្ណា ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល,ទី២-ដីកាលេខ៤៤៨ដកបចខ ចុះថ្ងៃទី២២.០៧.២០២០ របស់លោក ពេជ ម៉ារ៉ែន ចៅក្រមស៊េីបនៃសាលាដំបូងខេត្តកណ្តាល, ទី៣-ដីកាលេខ៦៨៣ដកបចខ ចុះថ្ងៃទី០៧.០៩.២០២០ របស់លោក ជា សុខហៀង ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល,ទី៤-ដីកាលេខ២១៧ដកបចខ ចុះថ្ងៃទី២៧.០៣.២០២០ របស់លោក រស់ ផុនចាន់និមល ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល និងទី៥-ដីកាលេខ០៣៩ដកបចខ ចុះថ្ងៃទី១៥.០១.២០២០១ របស់លោក វ៉ាន់ សុបញ្ញា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុង សាងសំណុំរឿង.ចាត់ការតាមនីតិវិធី៕
ដោយ : ស្អាង ជ័យ