អន្តរជាតិ៖ លោក ហ្សួន អ័រលែនដូ ហ៊ែរណង់ដេស (Juan Orlando Hernandez) អតីតប្រធានាធិបតីហុងឌូរ៉ាស ដែលមានវ័យ៥៣ឆ្នាំ ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ដើម្បីកាត់ទោសចំពោះការចោទប្រកាន់ថាបានជួយដល់ការរត់ពន្ធកូកាអុីនរាប់រយតោនទៅកាន់សហរដ្ឋអាមេរិកនិងទទួលសំណូករាប់លានដុល្លារ។
លោក ហ្សួន អ័រលែនដូ ហ៊ែរណង់ដេស បានចាកចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងថេហ្គូស៊ីហ្គាល់ប៉ា (Tegucigalpa)តាមយន្តហោះរបស់រដ្ឋបាលប្រឆាំងគ្រឿងញៀន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកកន្លែងដែលគាត់នឹងត្រូវឃុំខ្លួនក្នុងទីក្រុងញូវយ៉ក។ នេះបេីយោងតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានឃើញផ្ទាល់ភ្នែក។
សូមជម្រាបថា អតីតប្រធានាធិបតីហុងឌូរ៉ាសរូបនេះ បានកាន់តំណែងជាប្រធានាធិបតីរបស់គាត់ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២២ ត្រូវបានញាំញីដោយការចោទប្រកាន់ពីបទពុករលួយនោះ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។ ខណៈដែលលោក ត្រូវបានចោទប្រកាន់ថាបានជួយសម្រួលដល់ការរត់ពន្ធកូកាអុីនប្រហែល ៥០០តោន ដែលភាគច្រើនពីប្រទេសកូឡុំប៊ីនិងវេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសហុងឌូរ៉ាស ចាប់តាំងពីឆ្នាំ២០០៤ ដោយចាប់ផ្តើមតាំងពីយូរ មុនពេលលោកកាន់តំណែងប្រធានាធិបតី។
ដោយឡែកបើយោងតាមឯកសាររបស់ស្ថានទូតអាម៉េរិកបានបញ្ជាក់ថា លោក ហ៊ែរណង់ដេស ត្រូវបានចោទប្រកាន់ថា៖ បានទទួល “សំណូករាប់លានដុល្លារ…ពីអង្គការជួញដូរគ្រឿងញៀនជាច្រើននៅហុងឌូរ៉ាស ម៉ិចស៊ីកូ និងកន្លែងផ្សេងទៀត”។ ចំពោះការចោទប្រកាន់នេះដែលធ្វើឡើងដោយរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កបានចោទប្រកាន់លោកហឺណង់ដេសចំនួនបីករណីទាក់ទងនឹងបទល្មើសគ្រឿងញៀន និងអាវុធ។
ជុំវិញករណីនេះដែរលោក មឺរីក ហ្គាលែន (Merrick Garland) អគ្គរដ្ឋអាជ្ញាអាម៉េរិក បានប្រាប់អ្នកយកព័ត៌មានថា”លោកហ៊ែរណង់ដេស បានបំពានតួនាទីរបស់គាត់ជាប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស…ដើម្បីដឹកនាំប្រទេសក្នុងនាមជារដ្ឋគ្រឿងញៀន”៕ ដោយ៖ស តារា