អន្តរជាតិ៖ ប្រទេសរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet Inc ចំនួន៤លានរូប្លិ៍ (ប្រហែល៥០,០០០ដុល្លារអាមេរិក) ជុំវិញការមិនព្រមលុបនូវអ្វីដែលខ្លួនហៅថា «ព័ត៌មានក្លែងក្លាយ» ដែលទាក់ទងទៅនឹងប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបេីយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS ដែលសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២។
ជាក់ស្ដែងកាលពីដើមខែមេសានេះ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីធ្លាប់បានបង្ហាញរួចទៅហើយថា៖ ខ្លួនកំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើ Google សម្រាប់ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» នៅលើ YouTube រួមទាំងធ្លាប់បានព្រមានដល់ក្រុមហ៊ុនរបស់អាមេរិកមួយចំនួនរួចហើយដែលថាខ្លួននឹងផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។
គួរបញ្ជាក់ថា រុស្ស៊ីបានចាត់ទុក វេទិកាដ៏ធំរបស់អាមេរិកមួយនេះជាអ្នកបំផុសបំផុលខ្លឹមសារមិនពិត ដែលបានបណ្តាលឱ្យខូចកិត្តិយសដល់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាបង្ហាញឱ្យឃើញពីព័ត៌មានលក្ខណៈជ្រុលនិយម នឹងបង្កឱ្យមានអំពើហិង្សាប្រឆាំងជាដើម៕ដោយ៖ស តារា