ប្រទេសជប៉ុន : សុន្ទរកថាគន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ នៅទីក្រុង Kumamoto ប្រទេសជប៉ុន នៅ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាបធានអង្គបជុំ
ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ជាបឋម ខ្ញុំសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសហការជាមួយវេទិកាទឹក អាស៊ី-ប៉ាស៊ីហ្វិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោម មូលបទ “ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
ក្នុងឱកាសខួបទី ៦ ឆ្នាំ នៃគ្រោះមហន្តរាយញ្ជួយដី នៅខេត្ត គូម៉ាម៉ូតូ (Kumamoto) ដែលបាន ឆក់យកអាយុជីវិតប្រជាជនច្រើននាក់ ព្រមទាំងបង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសដល់ប្រាសាទគូម៉ម៉ូតូ ដែលជាដួងព្រលឹងរបស់ប្រជាជនជប៉ុន, ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយប្រជាជន និងក្រុម គ្រួសារជនរងគ្រោះក្នុងខេត្តនេះផងដែរ។
ក្នុងអំឡុងជាង ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការ រក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និង គាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព។
ជាការពិត, ទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណ ភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ ពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំង ស្ងួត, ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចំរើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់ សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ ។
ដូច្នេះ អភិក្រមនៃការគ្រប់គ្រងធនធានទឹករបស់យើងនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពនៃ ជីវិតរស់នៅរបស់យើង និងកូនចៅរបស់យើងនាពេលអនាគត ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឲ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈ៖
១. ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការ គ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក ។
២. ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ ដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន ។
៣. ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍន ភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤. ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាព សង្គមក្នុងការប្រើប្រាស់ និង ការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ ។
ឯកឧត្តម លោកជំទាវ លោក លោកសី !
ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ។ ជាក់ស្ដែង នៅក្នុង របៀបវារៈឆ្នាំ២០៣០ របស់សហ ប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី ៦ ស្តីពី “ការ ធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប” ។ កម្ពុជា ចាត់ ទុកទឹកថា “មាស ស ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ “ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព”។
ក្នុងន័យនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់, ការខិតខំប្រឹងប្រែង និងការធ្វើ សកម្មភាពរួមគ្នារបស់យើង នឹងធានាបាននូវជោគជ័យក្នុងការសម្រេចគោលដៅខាងលើ។ កម្ពុជាទន្ទឹងរង់ ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃ កិច្ចប្រជុំកំពូលលើកទី ៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ នឹង “សេចក្តីប្រកាសក្នុងវីម៉ាមូ” ដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់ពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដែលធានាឱ្យបាននូវការប្រើប្រាស់, ការអភិវឌ្ឍ និងការគ្រប់គ្រងទឹក ប្រកបដោយ ចីរភាព និងបរិយាប័ន្ន សម្រាប់មនុស្សជាតិគ្រប់ជំនាន់ ។
ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលមាន វត្ដមាននាឱកាសនេះ មានសុខភាពល្អ, សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំក៏សូមជូនពរកិច្ចប្រជុំ ពាក់ព័ន្ធ ឱ្យទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក៕