ភ្នំពេញ៖ តារាសម្តែងនិងជាពិធីករប្រចាំទូរទស្សន៍ CTN លោក DJរតនា បានសម្រេចចិត្តចូលរោងការហើយជាមួយនឹងអតីតបេក្ខនារី Freshie Girls និងជាតារាសម្តែងកញ្ញា លឹម លីសា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ ។ ពិធីករ និងតារាសម្តែងរូបនេះបញ្ជាក់ថា លោកនឹងផ្អាកការងារបណ្តោះអាសន្នដើម្បីបើកជំនួញជាមួយភរិយាដែលជាកូនស្រីអ្នកជំនួញធូធារម្នាក់។
បន្ទាប់ចែកផ្លូវស្នេហាជាមួយនឹងគូស្នេហ៍ជាអ្នកសិល្បៈភ្លាមៗពិធីករ ធី រតនា ដែលមាវ័យ២៦ឆ្នាំ បានសម្រេចចិត្តបើកបេះដូងទទួលយកនារីថ្មីដែលគេស្គាល់ថា ជាអតីតបេក្ខនារី Freshie Girls ប្រជាប្រិយប្រចាំឆ្នាំ២០០៩ វ័យ២៣ឆ្នាំ កញ្ញា លឹម លីសា ។ ក្រោយភ្ជាប់ទំនាក់ទំនងគ្នារយៈពេល១ឆ្នាំ អ្នកទាំងពីរបានសម្រេចចិត្តចូលរោងការជាផ្លូវការហើយ ក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។
តារាសម្តែង និងពិធីករ ធី រតនា បញ្ជាក់ថា ពិធីមង្គលការលោកមានការចូលរួមពីសំណាក់ភ្ញៀវទាំងសងខាងប្រមាណជិត១ពាន់អ្នកក្នុងនោះមានវត្តមានសិល្បករជិតដិតមួយចំនួនផងដែរ។ តារាសម្តែង រូបនេះបញ្ជាក់ លោកនឹងផ្អាកការងារសិល្បៈមួយរយៈពេលខ្លីដើម្បីជួយពង្រឹងមុខជំនួញថ្មីចាស់ដែលលោក និងភរិយាបានរួមគ្នាបង្កើត។
ពិធីករមុខស្រស់រូបនេះ លើកថា មុខពេលរៀបការលោក ភរិយា និងឪពុកម្តាយក្មេកបានសម្រេចចិត្តរួមគ្នាដើម្បីបើកដំណើរការអាជីវកម្ម បើកស្ថានីយប្រេងឥន្ធនៈថ្មីមួយបន្ថែមទៀតនៅស្រុកស្រអែមខេត្តព្រះវិហារ ក្រោយពីបើកដំណើរការអាជីវកម្មដូចគ្នានេះនៅតំបន់ចាក់អង្រែប្រកបដោយជោគជ័យ។
លោកបញ្ជាក់ថា នៅចាក់អង្រែគឺជាអាជីវកម្មលោកនិងភរិយាបើករួមគ្នាហើយចំណែកឯមុខជំនួយស្ថានីយប្រេងឥន្ធនៈថ្មីនៅខេត្តព្រះវិហារគឺជាមុខជំនួញថ្មីរួមគ្នារបស់លោក ភរិយា និងឪពុកម្តាយក្មេក។ លោកថា ក្រៅពីអាជីវកម្មនេះក៏នឹងបើកជាមួយគ្នានូវអាជីវកម្មលក់គ្រឿងសំណង់នៅតំបន់នោះផងដែរ។ លោកបញ្ជាក់ថា នឹងមិនបញ្ចប់ការងារសិល្បៈទាំងស្រុងទេគឺដកឃ្លាមួយរយៈប៉ុណ្ណោះហើយលោកនឹងបន្តការងារសិល្បៈជាថ្មីក្រោយអាជីវកម្មខាងលើអាចដំណើរការបានដោយរលូន។
លោកថា ឆ្នាំនេះលោក និងភរិយាដែលជាតារាសម្តែងដែរនោះក៏ទទួលបានការងារសិល្បៈមួយចំនួនដែរប៉ុន្តែលោក និងភរិយាសម្រេចចិត្តផ្អាកមិនទទួលមួយរយៈពេលខ្លីព្រោះតែចង់បង្កើតមុខរបរថ្មីសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារនៅពេលអនាគត ប៉ុន្តែការងារសិល្បៈលោក និងភរិយានៅតែស្រលាញ់ ហើយនឹងបន្តក្រោយមុខជំនួញបានរីកចម្រើនបន្តិច៕
ដោយ៖ វឌ្ឍនា