ភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសង្កាត់ព្រែកប្រាចាប់ខ្លួនកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំនុចផ្ទះជួល ក្រុមទី៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដកហូរបានថ្នាំញៀនជាង ១០កញ្ចប់ ដាវ១ ជញ្ជីងថ្លឹង១ និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យមានឈ្មោះ លី អាមីន ភេទប្រុស អាយុ៣០ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះជួលចំនុចចាប់ខ្លួន ។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា បន្ទាប់ពីកំណត់មុខសញ្ញាជនសង្ស័យ លោកចៅសង្កាត់ព្រែកប្រាបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំប្រជាការពារដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញារង កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសង្កាត់បានឆ្មក់ចុះឆែកឆេរក្នុងបន្ទប់ផ្ទះជួលរបស់ជនសង្ស័យដកហូតបានថ្នាំញៀនជាង ១០កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។
ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ សណ្តោស