ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីនៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករងរដ្ឋបាល លោក-លោកស្រី ប្រធាន-អនុប្រធានការិ.ចំណុះនិងជំនាញជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៥ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្រ្តីសាលាខណ្ឌសរុប ៥០នាក់ ។
ចំពោះរបៀបវារៈអង្គប្រជុំមាន ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។ ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។ ទី៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។ ទី៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ និងទី៥-បញ្ហាផ្សេងៗ -ការចុះផ្តល់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់តាមមូលដ្ឋានដែលកំពុងមានការខ្វះខាត ។
ក្នុងនោះផងដែរលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបានលើកឡើងថា យោងតាមការអនុវត្តន៍ការងារនាពេលកន្លងមក គឺខាងមន្ត្រីសាលាខណ្ឌទាំងបានទប់ស្កាត់បានរាល់បទល្មើស និងល្បែងស៊ីសង ក្មេងទំនើង ការប្រើប្រាស់ក៌ដូចជាការជួញដូរនូវសារធាតុញៀនបានល្អគួរជាមោទនភាព។
លោក សុខ សម្បត្តិបន្តថា ទន្ទឹមនឹងនោះផងដែរ លោកបានជម្រុញទៅដល់មន្ត្រីរបស់សាលាខណ្ឌធ្វើយ៉ាងណា ជួយសម្រួលក្នុងការផ្តល់លិខិតស្នាមផ្សេងៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយកាន់តែមានភាពងាយស្រួលថែមទៀត ហើយក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសណ្តាប់ធ្នាប់ សុខសន្តិភាពដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។
ចុងក្រោយលោក សុខ សម្បត្តិ បានជូនដំណឹងដល់បងប្អូនអាជីវករដែលមានតូបលក់ដូរនៅក្នុងបរិវេណវត្តភ្នំរាបឲ្យនាំគ្នារុះរើតូបលក់ដូរទាំងអស់ចេញពីបរិវេណវត្តឲ្យអស់ផងដែរ ដោយទុករយៈពេលត្រឹមមួយសប្តាហ៍តែប៉ុណ្ណោះ បើពុំដូច្នោះលោកនិងប្រើកម្លាំងរុះរើម្តង។ ពីព្រោះថា ក្នុងវត្តគឺជាទីស្ងប់ស្ងាត់ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទ្ធធ្វើបុណ្យតាមប្រពៃព្រះពុទ្ធសាសនា៕
ដោយ៖ ព្រែកជ័យ