ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីនាំទឹកពីអាងកំពីងពួយទៅកាន់ស្ទឹងសិរីសោភ័ណ ចាប់តាំងពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦មក ក្រុមការងារក្រសួងបានសម្រេចបញ្ជូនទឹកទៅដល់ក្នុងស្ទឹងបវេលហើយ នៅម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ ដែលបរិមាណទឹកកំពុងហូរចូលក្នុងស្ទឹងបវេលមានប្រមាណពី ១,៣ ទៅ ១,៥ ម៉ែត្រគូបក្នុង១ វិនាទី ។
នេះជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ប៉ុន្តែអ្វីដែលក្រុមការងាររបស់យើងកំពុងមានការព្រួយបារម្ភ គឺមានការលួចបូមទឹកដើម្បីយកទៅធ្វើការដាំដុះដំណាំកសិកម្មបន្ថែមទៀត ។
ចំពោះការបូមយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺមិនមានការហាមឃាត់នោះទេ ប៉ុន្តែក្រសួងសូមសំណូមពរ កុំឱ្យមានការបូមយកទៅបម្រើឱ្យការដាំដុះបន្ថែមទៀត ខណៈដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ រាប់ម៉ឺនគ្រួសារ កំពុងរង់ចាំទឹកនេះ ៕
ដោយ៖ សីលា