ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកពញាឮ សហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ CMAC ចុះទៅប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់ចេញពីត្រង់ចំណុចចង្កេះភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឭ ដើម្បីកុំឲ្យគ្រាប់ទាំងនេះផ្ទុះបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចូលទៅតំបន់នោះ។
មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រប់ ដែលត្រូវបានប្រមូលចេញពីចង្កេះភ្នំព្រះរាជទ្រព្យ នៅព្រឹកនេះរួមមាន គ្រាប់ប្រភេទ៨០មីលីម៉ែត្រ១គ្រាប់, គ្រាប់ប្រភេទ៦០មីលីម៉ែត្រ១គ្រាប់ និងគ្រាប់ប្រភេទ M២៣ ១គ្រាប់ផងដែរ ។ គ្រាប់ទាំងនេះវានៅមានគុណភាពនៅឡើយ ប្រសិនបើមានអ្វីធ្ងន់ធ្លាក់លើវា ឬក៏យកវត្ថុរឹងវាយទៅលើវាវានឹងផទុះឡើង បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាក់ជាមិនខាន ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះត្រូវបានប្រជាពលរដ្ឋដើរប្រទះឃើញ ក៏រាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋាន ទើបសមត្ថកិច្ចរាយការណ៍បន្តទៅកាន់មន្ត្រីជំនាញ CMAC ដើម្បីចុះមកប្រមូលយកទៅរក្សាទុកកន្លែងមានសុវត្ថិភាព ៕
ដោយ៖ ស្អាងជ័យ
...