ខេត្តក្រចេះ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំជាមួយខ្យល់ ផ្គរ រន្ទះ បានឆក់យកជីវិតបុរសវ័យចំណាស់ម្នាក់ ខណៈដែលជនរងគ្រោះបានក្រោកពីដេកដើរទៅទម្លាក់តង់ការពារទឹកភ្លៀងកុំឱ្យសាចចូលផ្ទះ តែត្រូវរន្ទះបាញ់ស្លាប់ នៅក្នុងផ្ទះតែម្តង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា នៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
អធិការនគរបាលស្រុកសំបូរ លោក ប៊ុន ឈឿង បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់នេះឈ្មោះ ចៅ សារី អាយុ៦២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ លោកថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះរួមនិងប្រពន្ធកូនមានគ្នា៤នាក់បានដេកនៅលើផ្ទះ លុះនៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធ្រាត្រ ខណៈដែលមានមេឃភ្លៀងកក់ខែមួយមេធំ រួមជាមួយខ្យល់ ផ្គរ រន្ទះ ផងនោះ ជនរងគ្រោះបានក្រោកពីដេក មកទាញទម្លាក់តង់ដើម្បីការពារទឹកភ្លៀងមិនឱ្យសាចចូលផ្ទះ ។
លោកអធិការបានបន្តថា លុះជនរងគ្រោះដើរមកដល់សសរផ្ទះនៅចំកណ្តាលផ្ទះ ស្រាប់តែរន្ទះបានបាញ់ចំសសរផ្ទះ រួមនិងរូបគាត់បណ្តាលឱ្យស្លាប់នៅនិងកន្លែងតែម្តង ចំណែកសសរផ្ទះវិញនោះ ត្រូវបាក់បែកជាពីរចម្រៀករហូតពីលើដល់ក្រោម ។
លោកអធិការក៏បានអំពាវនាវ សុំឱ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដូចជាខ្យល់ រន្ទះ ដែលតែងតែកើតមានឡើង៕
ដោយ៖ កោះទ្រុង