ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ចំពោះផែនការរៀបចំការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៏ ក្រោយពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាចំបាប់អន្តរជាតិដែលកម្មវិធីនេះនឹងប្រព្រឹត្តឹទៅនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៦ខាងមុខនេះ បើតាមការលើកឡើង របស់លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា ប៉ុន្តែប្រទេស ចូលរួមនិងវិញ្ញាសាប្រកួតនៅមិនទាន់អាចកំណត់បាននោះទេ។
លោក ធិន វិចិត្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើសហព័នកីឡាចំបាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកំពុងរៀបចំត្រៀមលក្ខណៈ ឲ្យបានល្អទៅលើកីឡាករកីឡាការិនីដែមានសក្តានុពល ហើយអ្វីដែលចាំបាច់ខ្លាំងបំផុតនោះគឺសហព័ន្ធបាននិងកំពុងដុតដៃដុតជើងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិមួយសម្រាប់អាជ្ញាកណ្តាល ចៅក្រម ក្នុងនោះសិក្ខាកាមសុទ្ធសឹងតែជាអ្នកចំបាប់មានបទពិសោធន៍នៅក្នុងស្រុកហើយបទបង្ហាញនេះធ្វើឡើងដោយគ្រូឧទ្ទេសមកពីបរទេសដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានការទទួលតាមផ្នែកនីមួយៗដូចជាអាជ្ញា កណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសផ្សេងៗ តាមស្តង់ដារអន្តរជាតិតែម្តង ។
គួររំលឹកថា ប្រទេសដែលគ្រោងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ អាចនឹងមានរហូតទៅដល់៧ប្រទេសក្នុងនោះមានដូចជាប្រទេសហ្វីលីពីន សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ប៉ុន្តែតួលេខ អាចមានការប្រែប្រួលខ្លះទៀត ចំពោះការប្រកួតគ្រោងធ្វើនៅចន្លោះពីថៃ្ងទី១៤ដល់ថៃ្ងទី១៩ ខែវិច្ឆិកាឆ្នាំ២០១៦ដែលកម្មវិធីនេះដាក់ជូនដោយក្រសួងអប់រំយុវជននិងកីឡា៕
ដោយ៖ សារីម