ភ្នំពេញ៖ ដើមរដូវវស្សាធ្វើមកដល់ស្ថានភាពគ្រោះធម្ម ជាតិក៏កើតឡើងជាញឹកញាប់ជាពិសេសបញ្ហាផ្គររន្ទះខ្យល់កន្ត្រាក់ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់សត្វអាយុជីវិតប្រជាពលរដ្ឋជាពិសេសការរលំផ្ទះសម្បែង។ហេតុដូច្នេះហើយអជ្ញាធរមានសមត្ថកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយក្រើនរម្លឹកដល់ប្រជាពលរដ្ឋជាពិសេសនៅតាមទីជនបទត្រូវប្រុងប្រយ័ត្នបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ជាដើមនោះ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេស និងរដូវវស្សាចូលមកដល់នៅខែឧសភាខាងមុខនេះ។ ធម្មតាដើមរដូវតែងតែមានខ្យល់កន្ត្រាក់ព្យុះភ្លៀងផ្គរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
នៅថ្ងៃទី២៩ ខែមេសានេះ លោក ឃុន សុខា អ្នកនាំ ពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានឱ្យដឹងថា ដើម្បីបង្កាទុកជាមុននៃគ្រោះមហន្តរាយនៅរដូវវស្សា គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះ មហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការត្រៀមលក្ខណៈនោះមានដូចជា៖ សំភារៈបរិក្ខារ ស្បៀងអាហារ និងកងកម្លាំងជាដើម។ លើសពីនេះកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុង ប្រយ័ត្នចំពោះបាតុភូតជាតិ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ខណៈរដូវវស្សានឹងចូលមកនៅខែឧសភា ហើយនៅដើមរដូវវស្សានេះទៀតសោត និងមានផ្គរ រន្ទះខ្លាំងៗ។
ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល អាកាសធាតុ
ឡានីណា ក្នុងកម្រិតខ្ពស់ដល់ខែឧសភា ទើបមានការប្រែប្រួល ហើយស្ថានភាពនេះ បានធ្វើឱ្យអាកាសធាតុមិនក្តៅខ្លាំង និងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយតិចច្រើនសឹកគ្រប់ខេត្ត ដែលអំណោយផលល្អច្រើនដល់វិស័យកសិកម្ម។ ភ្ញៀងកក់ខែបានកាត់បន្ថយជាអតិបរមាការប្រឈមនឹងការខ្វះខាតទឹក ដែលបានកើតមានពីដើមឆ្នាំ ហើយក៏បានបង្កលក្ខណៈងាយស្រួលដល់កសិករ ក្នុងការបង្កើនបរិមាណនៃការដាំដុះស្រូវប្រាំងផងដែរ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។
របាយការណ៍ ដដែលបន្តថា ក្នុងខែមីនា ឆ្នាំ២០២២ នៅក្នុងអន្តរកាលនៃរដូវរំហើយ និងរដូវប្រាំង ភ្លៀងកក់ខែបានធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅតាមបណ្តាខេត្តជាច្រើន ជាមួយនឹងការកើតមានផ្គរ រន្ទះ និងខ្យល់បក់បោកខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យ ផ្ទះរលំ និងខូចធ្ងន់ធ្ងរ ២២០ខ្នង ផ្ទះរបើកដំបូល និងខូចមធ្យម៨៥៦ខ្នង របើកដំបូលសាលារៀន ៩អគារ មណ្ឌលសុខភាព១អគារ រងគ្រោះស្លាប់២នាក់ និងរបួស៦នាក់៕
ដោយ៖ សូរិយា