ខេត្តកោះកុង៖ ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀសផលប៉ះពាល់មកលើសហគមន៍ជនជាតិដើមភាគតិច ពីដំណើរការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌-ធម្មជាតិរបស់ជនជាតិដើមភាគតិច”ជង” រស់នៅក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងកណ្ដាល។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២។
លោក សូផា សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួលបន្ទុកជនជាតិដើមភាគតិច នៃគម្រោងCSLEP បានបញ្ជាក់ឲ្យដឹងដែរថា ដំណើរការចុះសិក្សារបស់គម្រោងនៅពេលនេះ ក្នុងគោលបំណង ពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌-ធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច”ជង” លើកកម្ពស់ការចូលរួម របស់ជនជាតិដើមភាគតិច”ជង” ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាពគម្រោង ជាពិសេស ស្វែងរកឱកាសសម្រាប់ការបង្កើនប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ក្នុងតំបន់។
លោក សូផា សុគន្ធណារុង្គ ក៏បានបន្ថែមថាការសិក្សានេះគឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច”ជង” ដែលតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌-ធម្មជាតិនេះរួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈគោរពបូជា តំបន់ទីតាំងបូរាណស្ថាន និងតំបន់ព្រៃកប់ខ្មោច ដែលការងារនេះស្ថិតក្នុងផ្នែកមួយ នៃអនុសមាសភាគ ៤.៤ ស្ដីពី ”ប្រព័ន្ធធានាសុវត្ថិភាពបរិស្ថាន និងសង្គម” របស់គម្រោង។
ជាក់ស្ដែងក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិច នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) សហការជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌ របស់ជនជាតិដើមភាគតិច”ជង” ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
កិច្ចប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លសាប នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិដើមភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ៤០នាក់។
ជាលទ្ធផលបានមកពីកិច្ចប្រជុំ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ តំបន់ព្រៃអារក្សចំនួនបីទីតាំង ដែលមានឈ្មោះ ព្រៃអារក្សអន្លង់សំរាំ (ជាភាសាជនជាតិមានន័យថាអន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅ មានទំហំសរុបប្រមាណ ៣០៣ហ.ត និងទីតាំងដីព្រៃកប់ខ្មោចដែលមានពីរទីតាំង មានទំហំសរុបប្រមាណ៤ហ.ត។
សូមបញ្ជាក់ថា កម្ពុជាមានជនជាតិដើមភាគតិចចំនួន២៤ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៃបណ្តាខេត្តស្ថិតនៅភាគឥសាន្ត បណ្តាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅជួរភ្នំក្រវាញ ដោយប្រកាន់យកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងភាសា ផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
មុខរបរសំខាន់ៗរួមមាន ការធ្វើស្រែ/ចំការ (កសិកម្មពេនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូលអនុផលព្រៃឈើជាដើម៕
ដោយ៖សហការី