ភ្នំពេញ÷ (គ.ជ.គ.ម) នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ(គ.ជ.គ.ម) និងអង្គការភីពផលអ៊ីននីត ពង្រឹងកិច្ចប្រតិបត្តិការក្នុងការអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុននៃគ្រោះមហន្តរាយ នៅកម្ពុជា ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយកើតឡើងជាយថា ហេតុ។
សូមបញ្ជាក់ថា៖ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះ មហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២២ ម្សិលមុិញនេះ លោក លូកាស ឡូបេក (Lukas Laube) នាយកប្រចាំប្រទេស នៃអង្គការភីពផលអ៊ីននីត នៅកម្ពុជាបានលើកឡើងថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីពង្រឹងទំនាក់ ទំនង និងកិច្ចសហការឱ្យកាន់ តែជិតស្និទ្ធ រវាង គ.ជ.គ.ម. និងអង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណា ចក្រកម្ពុជា។
លោកបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងមានសុពលភាព សម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ ពីកាលបរិច្ឆេទនៃការចុះហត្ថលេខាតទៅ។
លោក ហង្ស សាមឿន ទីប្រឹ ក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងជាអនុប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោត សរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការភីពផលអ៊ីននីតនៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ គ.ជ.គ.ម. ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ត្រូវបានពង្រីក នៅទូទាំងប្រទេស និងបានទទួលស្គាល់ថាជារបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជាមួយគ្នានេះ លោកបានជំរុញលើក ទឹកចិត្តដល់ អង្គការភីពផលអ៊ីននីតនៅកម្ពុជា ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀតជាមួយ គ.ជ.គ.ម. លើការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគម្រោង, ពិគ្រោះយោបល់, សិក្ខាសាលា, ការបណ្ដុះបណ្ដាល និងសកម្មភាពនានារួមគ្នាផងដែរ៕