ភ្នំពេញ៖ មកទល់ពេលនេះលោកផ្កាយ២ រស់ ឧស្សាហ៍ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ ម្ចាស់រថយន្តម៉ាកឌី ពាក់ស្លាកលេខ នគរបាល 2-0621 លក់ឡានអោយប្រពន្ធមេខ្លោងប្រព្រឹត្តបទល្មើសគ្រឿងញៀន ល្បីពេញរាជធានី មិនទាន់មានចំណាត់ការនៅឡើយទេពីសាមីអង្គភាពទេ បន្ទាប់ពីខាងក្រសួងអះអាងថា លោក រស់ ឧស្សាហ៍ លក់ឡាននេះអោយទៅប្រពន្ធខ្មោចមេខ្លោងគ្រឿងញៀន នឹងមិនពាក់ព័ន្ធនឹងគាត់ទេ។
មជ្ឈដ្ឋានទូទៅមានចំងល់ថាៈ ស្លាក នប ដ៏ដូចជាការប្រើស្លាកឡូកូគឺជារថយន្តអង្គភាព ហេតុអីបានជាលោកផ្កាយពីរ រស់ ឧស្សាហ៍ មានសិទ្ធចាត់ចែងលក់អោយឯកជនប្រើប្រាស់ ? ដល់ពេលនេះក្លាយជាមធ្យោបាយប្រព្រឹត្តបទល្មើសគ្រឿងញៀន ហើយបក្ខពួកជនសង្ស័យព្រមទាំងបានបាញ់បណ្តាលអោយសមត្ថកិច្ចកងរាជអាវុធហត្ថម្នាក់បានស្លាប់ទៀត ហេតុអីសមត្ថកិច្ចជំនាញមិនចាត់ការតាមនិតិវិធី ចៀសវាងបុគ្គលម្នាក់ធ្វើអោយប៉ះពាល់អង្គភាពស្ថាប័នរដ្ឋ ព្រោះម្ចាស់រថយន្តជាមនុស្សមានឋានះតួនាទី ដឹងជាស្រេចថា អ្នកណាអាចជាម្ចាស់យានយន្តនេះបានតាមបែបបទរដ្ឋបាលនោះ?
គេមិនចោទទេថាគាត់សមគំនិតនឹងបទល្មើសគ្រឿងញៀននេះ តែគាត់យល់មេចដែរ បើឡានដែលលក់គេយកទៅប្រើប្រាស់ទាំងស្លាកលេខ និងឡូកូអង្គភាពនគរបាលជាតិ អាចគិតដល់ប៉ះពាល់អង្គភាពក៏ដូច រូបគាត់ ឬផ្តល់ជាមធ្យោបាយប្រពឹត្តបទល្មើស?
ករណីនេះនគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកផ្កាយ២ រស់ ឧស្សាហ៍ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា