សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ចែករំលែក៖

ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា​ ។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។ ពិធីបុណ្យគ្រប់ខួប៧ថ្ងៃឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពសម្ដេចឧត្តមទេពញាណបានប្រារព្ធឡើងនៅគេហដ្ឋានសម្ដេចនិងលោកជំទាវ ស្ថិតក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងសាររំលែកមរណទុក្ខផ្ញើជូនលោកជំទាវ លាវ វួចឆេង ហ៊ុន ណេង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុត​មួយរូបដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ចូលរួម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។ 

សម្ដេចក្រឡាហោមបានចាត់ទុកមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ថាមិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់លោកជំទាវ​ លាវ វួចឆេង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុត នូវឥស្សរជនជាន់ខ្ពស់មួយរូបដែរ។ 

សម្ដេចបានគូសបញ្ជាក់ទៀតថាសម្ដេចឧត្តមទេពញាណ តែងបម្រើយ៉ាងស្មោះស្ម័គ្រ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួម ចំណែកបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន រួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតដល់អវសាននៃជីវិត ។ 

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ បានឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធសពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅកាន់ឋានបសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាសពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដង្ហែពីគេហដ្ឋានឆ្ពោះទៅកាន់ចេតិយបញ្វុះសព ស្ថិតនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print