ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ បង្ហោះនៅព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ការដាក់ដំណើរការផ្លូវការ «គម្រោងសហហិរញ្ញបប្បទានស្ដារវិស័យទេសចរណ៍» ចំនួន១៥០លានដុល្លារនេះ ធ្វើឡើងក្រោមការចូលរួមពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងឲ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។
លោកអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា មួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍កម្ពុជាបានលូតលាស់គួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើនមធ្យមនៃភ្ញៀវទេសចរអន្តរជាតិប្រមាណ១២% ក្នុងមួយឆ្នាំ និងបានបំពេញតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ក្រសួងទេសចរណ៍បន្តថា, ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ និងបណ្តាលឱ្យសហគ្រាសជាច្រើន ក្នុងវិស័យនេះកាត់បន្ថយ, ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យ ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ បានបាត់បង់ការងារ និងប្រាក់ចំណូល ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារអាមេរិកនេះ បានមកកើតចេញពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក។
គម្រោងនេះផ្តល់អត្រាការប្រាក់៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ។
តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ អាចស្នើសុំឥណទានពីគ្រឹះស្ថាន គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs ជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។
លោកអគ្គបណ្ឌិតសភាចារ្យបញ្ជាក់ថា សូមជម្រាបថាកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅតាមរយៈយន្តការ SME Bank, រាជរដ្ឋាភិបាលក៏បានផ្ដួចផ្ដើម និងអនុវត្តកម្មវិធីសហហិរញ្ញប្បទានចំនួន២ជំហានរួចហើយ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យអាទិភាពរួមមាន ទាំងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
* ជំហានទី១ នៃកម្មវិធីសហហិរញ្ញប្បទានមានទឹកប្រាក់ចំនួន១០០លានដុល្លារ។
* ជំហានទី២ មានទឹកប្រាក់សរុប២៤០លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការរក្សាលំនឹងអាជីវកម្ម និងបង្កើតការងារថ្មីក៏ដូចជា បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក្នុងវិស័យអាទិភាពរួមទាំង វិស័យទេសចរណ៍ផងដែរ ដែលបានរងផលប៉ះពាល់ពី វិបត្តិនៃដោយជំងឺកូវីដ១៩។
កម្មវិធីសហហិរញ្ញប្បទានទាំងពីរជំហានបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាលំនឹងអាជីវកម្ម និងបង្កើតការងារថ្មី ក៏ដូចជាបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋ។ ដោយឡែកថវិកាទាំង១៥០លានដុល្លារនៃក្នុងគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់ ម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ។
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្តន៍គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។
លោកសូមអំពាវនាវ ដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សូមចូលរួមអនុវត្តន៍គោលនយោបាយនេះ ឲ្យបានជោគជ័យ តាមរយៈកិច្ចសហការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងធនាគារដៃគូ ដើម្បីប្រើប្រាស់គម្រោងហិរញ្ញប្បទាននេះ ក្នុងការរៀបចំកែលម្អរវិស័យទេសចរណ៍ឡើងវិញ និងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងសេវាកម្មទេសចរណ៍ ធានាបាននូវការងើបឡើងវិញនៃ វិស័យទេសចរណ៍ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣៕
ដោយ : សិលា