ភ្នំពេញ៖សូមបញ្ជាក់ថា, អ្នកនាំពាក្យទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemier បានព្យាយាមប្រាប់មក សារព័ត៌មាន ថា សហរដ្ឋអាមេរិកបានស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋអាស៊ានផ្សេងទៀត ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានប្រកបដោយជោគជ័យ។ លោកបានបន្តទៀតថា កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះភាពជាកណ្តាលរបស់អាស៊ានក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។
អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន” នគរវត្ត” សូមដកស្រង់ ពីអង្គភាព សារព័ត៌មាន បន្ថែមទៀតថា៖ «សហរដ្ឋអាមេរិក និងអាស៊ានបានប្តេជ្ញានឹងបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០នៅខែវិច្ឆិកា ឆ្នាំ២០២២»។
ការឆ្លើយរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០២២ ហាក់បានបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទរវាងកម្ពុជា និងអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកបានបញ្ចប់។
មុនចូលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងច្រើនកុះករដោយពលរដ្ឋកម្ពុជាដែលរស់នៅអាមេរិក និងកាណាដា នៅមុខសណ្ឋាគារ Willard Intercontinental ដែលជាកន្លែងស្នាក់នៅរបស់សម្ដេចក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានរៀបចំឡើងកាលពីថ្ងៃទី១២ និងទី១៣ ខែឧសភា ក្រោមការដឹកនាំអង្គប្រជុំដោយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន សហប្រធានជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ក្រសួងការបរទេសឱ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានបញ្ចប់ភាគីទាំងពីរសម្រេចបាននូវសេចក្ដីថ្លែងការដែលមាន២៨ចំណុច។
កិច្ចប្រជុំនេះសម្រេចបាននូវទស្សនវិស័យរួមទាំង២៨ចំណុច ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ តម្លៃរួម និងបទដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN) សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) និងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
អាស៊ាន និងអាមេរិកបានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ដែលយូរអង្វែងមកហើយមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ដើម្បីធានាថាទំនាក់ទំនងនៅតែអាចសម្របខ្លួនបាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងធ្វើកិច្ចសហប្រតិបត្តិការសមស្របនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាជាសមាជិក។
គូសបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមមានការគោរពពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ៕