រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោកChristian Lindner បានបញ្ជាក់មុនកិច្ចប្រជុំរដ្ឋមន្ត្រី G7 ចាប់ផ្តើមឡើងនៅថ្ងៃទី ១៨ខែឧសភាថា បណ្តាប្រទេសលោកខាងលិចគួរតែរឹបអូសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់រុស្ស៊ី ក្នុងនោះមានធនាគារជាតិរុស្ស៊ី ជាដើម។ លោកបន្តទៀតថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំ G7 ។
ប្រទេសលោកខាងលិច បានបង្កើនការដាក់គំនាបទៅលើប្រទេសរុស្ស៊ី ក្នុងវិស័យសេដ្ឋកិច្ច និងយោធា ។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះថាទីក្រុងប៉ារីស នឹងបង្កើនការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំង, លោក ម៉ាក្រុង បានបញ្ជាក់ថា «ការផ្គត់ផ្គង់អាវុធដោយប្រទេសបារាំងនឹងបន្តដំណើរការ ហើយនឹងបន្ត កើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដូចគ្នានឹងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដែរ»។
លោក ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកមានការសន្ទនាតាមទូរស័ព្ទ «ដ៏វែង និងមានអត្ថន័យ» ជាមួយលោក ម៉ាក្រុង អំពីស្ថានភាពចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថា «លោកបានរៀបរាប់ប្រាប់អំពីដំណើរនៃអរិភាព, ប្រតិបត្តិការជួយសង្គ្រោះយោធាពីរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) និងចក្ខុវិស័យនៃការរំពឹងទុកនៃដំណើរការចរចា ក៏ដូចជាបញ្ហានៃការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ៊ុយក្រែនផងដែរ»។
លោក Zelensky បានបន្ថែមថា «យើងក៏បានពិភាក្សាអំពីការគាំទ្រផ្នែកការពារជាតិពីប្រទេសបារាំង, ការរៀបចំកញ្ចប់ទណ្ឌកម្មទី៦ នៃសហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៉ី, មធ្យោបាយដែលអាចធ្វើទៅបានក្នុងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន និងបានរៀបចំការពិភាក្សាយ៉ាងជាក់លាក់អំពីការដាក់ពាក្យសុំរបស់យើងសម្រាប់បេក្ខជនចូលជាសមាជិកភាពសហភាពអឺរ៉ុបផងដែរ»៕ ដោយធីរីណា
រូបថត : Global Look Press