ខេត្តសៀមរាប៖ បុរសជនជាតិអង់គ្លេសម្នាក់ ដែលយកញញួរវាយស្ត្រីខ្មែរម្នាក់ឱ្យរងរបួសបែកមុខ និងបាក់ឆ្អឹងថ្គាមខាងស្តាំ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក ស៊ាង ណារ៉ា សម្រេចចេញដីកាបង្គាប់ ឱ្យឃុំខ្លួនដាក់ពន្ធនាគារខេត្តសៀមរាប ដែលស្ថិតនៅសង្កាត់ជ្រាវ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកញ-ញួរវាយជនរងគ្រោះ) នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញ-ញួរ ដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញ-ញួរ (០១ញ-ញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឱ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ-០២ញ-ញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ) ។
ក្រោយកេីតហេតុ កញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យសមត្ថកិវ្ចជំនាញខេត្ត ធ្វើការឃាត់ខ្លួនជនដៃដល់បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា បន្ទាប់ពីកញ្ញា វ៉ា សក្កដា ព្រះរាជអាជ្ញា(ស្តីទី) បានសម្រេចចោទប្រកាន់ជនដៃដល់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស រួចបញ្ចូនទៅចៅក្រមស៊ើបសួរ លោក ស៊ាង ណារ៉ា នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក៏សម្រេចចោទប្រកាន់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាបតែម្តង៕
ដោយ៖សហការី