ក្រោយពេលដែលអ៊ីរ៉ង់រួចផុតពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ អ៊ីរ៉ង់បានក្លាយទៅជាគោលដៅ នៃការវិនិយោគរបស់ប្រទេសជាច្រើន ក្នុងនោះមានជប៉ុន កូរ៉េខាងត្បូង និងប្រទេសក្នុងតំបន់អឺរ៉ុប ។
ទីផ្សារនៅក្នុងប្រទេសអ៊ីរ៉ង់ បានទាក់ទាញក្រុមវិនិយោគជាច្រើន ជុំវិញពិភពលោក ខណៈដែលតំបន់អឺរ៉ុបប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងជនភៀសខ្លួនអុកឡុកនៅអឺរ៉ុប ។ កន្លងមក ជប៉ុនក៏បានទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ដើម្បីរិតចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែប្រសើរឡើង ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ គឺជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេបង្អស់ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទីមួយ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតចាប់តាំងពីជាងកន្លះសតវត្សរ៍មក ។ ជាទស្សនកិច្ច ដែលមានលក្ខណៈពិសេស ប្រកបដោយអត្ថន័យបែបប្រវត្តិសាស្ត្រផង និងមានកម្មវត្ថុពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផង។ ដំណើរទស្សនកិច្ចរបស់លោកស្រី ផាក យុងហេ នៅប្រទេសអ៊ីរ៉ង់ ត្រូវបានចាត់ទុកជាទស្សនកិច្ចដ៏ពិសេស ពីព្រោះនេះគឺជាលើកទីមួយហើយ ដែលមានជំនួបថ្នាក់ប្រមុខរដ្ឋរវាងប្រទេសទាំងពីរ គិតចាប់តាំង៥៤ឆ្នាំ ដែលកូរ៉េខាងត្បូង និងអ៊ីរ៉ង់ភ្ជាប់ទំនាក់ទំនងទូតនឹងគ្នាមក ។
កាលពីឆ្នាំ ១៩៧៩មេដឹកនាំប្រទេសទាំងពីរគ្រោងជួបគ្នា តែត្រូវបរាជ័យ លុបចោលទៅវិញ ។ កាលណោះ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានវិបត្តិផ្តួលរំលំរដ្ឋាភិបាល និងឃាតកម្មសម្លាប់ប្រធានាធិបតី លោក ប៉ាក់ ជុងអេ ដែលជាឪពុកលោកស្រីប្រធានាធិបតី ផាក យុងហេ ផ្ទាល់តែម្តង ពីសំណាក់ភ្នាក់ងារសម្ងាត់របស់ប្រទេស ។
កូរ៉េខាងត្បូងរំពឹងខ្លាំងលើដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយនេះ បើមើលទៅលើទំហំនៃគណៈប្រតិភូ និងអ្នកនិយោគគ្រាក់ៗ ដែលអមដំណើរលោកស្រីប្រធានាធិបតី ។ ចៅកែ ប្រធានក្រុមហ៊ុន ចំនួន២៤០រូប មានជាអាទិ៍ប្រធានក្រុមហ៊ុន Samsun និង Hyandai មានវត្តមានគ្រប់គ្នា លើទឹកដីអ៊ីរ៉ង់ ដើម្បីសាកល្បងចុះហត្ថលេខាកិច្ចសន្យាមួយខ្សែរវាងអ៊ីរ៉ង់ នឹងកូរ៉េខាងត្បូង ។
តាំងពីអ៊ីរ៉ង់បើកចំហរទីផ្សារដល់អន្តរជាតិមក មានការប្រកួតប្រជែងដណ្តើមទីផ្សារគ្នាខ្លាំងណាស់ ប៉ុន្តែសេអ៊ូលសង្ឃឹមថា តេអេរ៉ង់នឹងនឹកឃើញអំពីកិច្ចសហប្រតិបត្តិការដ៏រលូនប្រសើរបំផុតរវាងប្រទេសទាំងពីរ ជាពិសេសក្នុងពេលដែលអ៊ីរ៉ង់កំពុងជាប់ទណ្ឌកម្មអន្តរជាតិ ។
លោកស្រីប្រធានាធិបតី ប៉ាក់ គុនហេសង្ឃឹមថា នឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលអាចមានទំហំដល់ទៅ១០ពាន់លានដុល្លារ ។
អ៊ីរ៉ង់ជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេសសម្បូរ ទៅដោយធនធានធម្មជាតិ ប្រេង ដែលជាការចង់បានរបស់ប្រទេសជាច្រើននៅលើពិភពលោក ។ ក្រោយការបញ្ចប់ទណ្ឌកម្ម អ៊ីរ៉ង់ក៏បានលក់ប្រេងទៅកាន់ទីផ្សារនានាជុំវិញពិភពលោក ក្នុងនោះមានតំបន់អឺរ៉ុប និងអាស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី