ភ្នំពេញ ៖ យុវជន៣នាក់បានបើកម៉ូតូឌុបគ្នាចេញពីធ្វើការគោលបំណងត្រឡប់ទៅផ្ទះវិញ មកជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទៅកៀទ្រូងផ្លូវដួលអូសទៅមុខជាច្រើនម៉ែត្របោកនឹងចិញ្ចើមផ្លូវ បណ្តាលឲ្យម្នាក់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ ឈ្មោះធីម សុធន អាយុជាង២០ឆ្នាំមុខរបរជាងដែក មានស្រុកកំណើតនៅខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតគេឃើញយុវជន៣នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ 1IW-8946 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងថ្មី ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅកៀនឹងរបាំងថ្ម ដាក់ពុះចែកទ្រូងផ្លូវដួលបោកផ្ទប់នៅនឹងថ្នល់ អូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យយុវជន ម្នាក់ស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ