ស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ បន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្ត្រីពីររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកCRVមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យអស់មួយកង់ រួចបន្តទៅម៉ូតូស្គុបពីមួយគ្រឿងទៀតជិះបញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីពីររងរបួសធ្ងន់ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខសាលាខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-4029ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ មួយ កង់ ចំណែករថយន្តបង្កបានបន្តទៅបុកម៉ូតូម៉ូតូហុងដាស្កូបពីមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ1IX-6459ជិះដោយស្ត្រីពីរនាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯទីពេទ្យភ្លាមៗចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្នរងចាំប្រគល់ជូនជំនាញបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូនឹងតែកុងរថយន្តយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print