ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅល្ងាចថ្ងៃអង្គារទី១៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ មានកិត្តិយសសូមជូនដំណឹង ដល់លោក លោកស្រី នាងកញ្ញា ដែលជាបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មភោជនីយដ្ឋាន (Food and Beverage Services) ក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖
ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន ឱ្យមានគុណភាពខ្ពស់បន្ថែមទៀត ព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) តាមកាលបរិច្ឆេទដូចខាងក្រោម៖
១. ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី២០-២៥ ខែមិថុនា ឆ្នាំ២០២២
២. ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២
៣. ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី០៤-០៩ ខែកក្កដា ឆ្នាំ២០២២
វគ្គបណ្តុះបណ្តាលផ្តោតលើចំណេះដឹង និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និង សុវត្ថិភាពក្នុងហាង។
សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោល ហូកា ដែលមានការទទួលស្គាល់ និងចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ពីរពេល។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ (១) ខេត្តបាត់ដំបង៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ (២) ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ (៣) ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។
រួសរាន់ឡើង ចំនួនមានកំណត់!៕ដោយ៖សហការី