ប្រទេសស្វីស៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំសនិ្នសីទនៃរដ្ឋភាគី លើកទី១៥ នៃអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន (BC COP15) លើកទី១០ នៃអនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ (RC COP10) និងលើកទី១០ នៃអនុសញ្ញាស្ដុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (SC COP10) ដែលមានអ្នកចូលរួមជាតំណាងប្រទេសជារដ្ឋភាគី ក្រុមអ្នកអង្កេតការណ៍ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ សរុបប្រមាណ ១៥០០នាក់។
កិច្ចប្រជុំសន្និសីទនៃរដ្ឋភាគីនេះ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃអនុសញ្ញាទាំងបី (BRS Secretariats) សហការជាមួយអង្គការសហប្រជាជាតិ (UN) អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយដ៏ល្អប្រសើរមួយលើការគ្រប់គ្រងសារធាតុគីមី ជាពិសេសសារធាតុគីមីដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មនិងកសិកម្ម និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក និងសំណល់ប្លាស្ទិកប្រកបដោយសុវត្ថិភាពបរិស្ថាន រួមទាំងអនុម័តលើការធ្វើវិសោធនកម្មឧបសម្ព័ន្ធនៃអនុសញ្ញាទាំងបី និងគោលការណ៍ណែនាំបច្ចេកទេសលើការគ្រប់គ្រងសារធាតុគីមី និងសំណល់។
គូសបញ្ជាក់ផងដែរថា កម្ពុជាបានចូលជាភាគីនៃអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៦ អនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ និងអនុសញ្ញាស្ដុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៦៕ដោយ៖សហការី