យុទ្ធនាការទិញផលិតផលខ្មែរជាផ្នែកមួយ ក្នុងការដាស់ស្មារតីពលរដ្ឋឲ្យគាំទ្រផលិតផលក្នុងស្រុក និងជាការជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមិថុនាម្សិលមិញ​នេះក្នុងពិធីសម្ពោធ”ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ” លើកទី៥ និង”យុទ្ធនាការទិញផលិតផលខ្មែរ” រដូវកាលទី៧ គឺយុទ្ធនាការទិញផលិតផលខ្មែរនេះ នឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅ តាមមូលដ្ឋាន ដោយបានផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែល បាននិងកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជា កំពុងអនុវត្តន៍នូវរបបទីផ្សារសេរី ។

លោក​ ឈួន​ ដារ៉ា​ បន្តថា ជាមួយគ្នានេះប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធភាពបង្កើតការងារកាន់តែច្រើន នៅពេលណាដែលចង្វាក់ផលិតកម្មក្នុងស្រុកមានភាពរឹងមាំ អាចធ្វើពិពិធកម្មនាំចេញឥតឈប់ឈរទៅកាន់ទីផ្សារ ទាំងក្នុងតំបន់ ទាំងទីផ្សារពិភពលោក និងអាចទាញយកផលប្រយោជន៍ពីភាពអនុគ្រោះពាណិជ្ជកម្ម ដែលប្រទេសអភិវឌ្ឈន៍ បានផ្តល់ឲ្យកម្ពុជា ជាពិសេសអាចទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជា បានចុះហត្ថលេខារួចហើយជាមួយប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសផ្សេងទៀត ក្រោមក្របខណ្ឌភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (PIEP) ជាដើម។

លោក ឈួន ដារ៉ា បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកសេដ្ឋកិច្ចទីផ្សារ និងការបើកចំហយ៉ាងទូលាយចំពោះពាណិជ្ជកម្ម អន្តរជាតិដែលជាកម្លាំងស្នូលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនលើគ្រប់វិស័យ ទាំងសេវាកម្ម ឧស្សាហកម្ម និង កសិកម្ម ដែលជាកាតាលីករដ៏សំខាន់ ក្នុងការចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យសម្រេចបានក្នុងអត្រាខ្ពស់ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមក។ ដូចបណ្តាប្រទេសដទៃទៀតដែរ វិបត្តិជំងឺកូវីដ-១៩ បានរុញច្រានឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាអវិជ្ជមាន លើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេស សកម្មភាពនានាក្នុងវិស័យសេវាកម្ម ដូចជា វិស័យទេសចរណ៍ ឧស្សាហកម្ម ធ្វើដំណើរ និងអាកាសចរស៊ីវិល ខណៈដែលវិស័យឧស្សាហកម្ម ក៏បានទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាព រអាក់រអួលនៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់។

ស្ថិតនៅក្នុងកាលៈទេសៈបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការចាំបាច់មួយចំនួន ក្នុងស្មារតីបុរេសកម្ម សំដៅជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនទូទៅ ពិសេសក្រុមគ្រួសារក្រីក្រ និង ជនងាយរងគ្រោះ និង ម្ខាងទៀតជួយរក្សាលំនឹងអាជីវកម្ម និង លើកកម្ពស់វិស័យឯកជន ។ យោងតាមលោក ឈួន ដារ៉ា តាមរយៈការផ្ដល់នូវការអនុគ្រោះ និង ការលើកទឹកចិត្ត ទាំងផ្នែកពន្ធ និងមិនមែនពន្ធ ការកែលម្អបរិយាកាសធុរកិច្ច ការបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឌីជីថលជាដើម ដើម្បីឲ្យពួកគេអាចចូលរួមជួយប៉ះប៉ូវនូវផលប៉ះពាល់អាក្រក់ពីវិបត្តិកូវីដ-១៩ និងដើរតួកាន់តែសំខាន់ឡើងក្នុងការជម្រុញជីវភាពសេដ្ឋកិច្ចជាតិឲ្យមានភាពរស់រវើកឡើងវិញ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print