ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចបុរីហេងឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទលួច(ខ្សែរភ្លើង) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចឹម ថៃ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសាងសង់ ស្នាក់នៅការដ្ឋានសំណង់ បុរីហេង ឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ម្នាក់ឃាត់ខ្លួនមានឈ្មោះ រ៉ា ឆវិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ខ្សែភ្លើងមិនទាន់ប្រើចំនួន០៧ដុំ ២/ខ្សែភ្លើងប្រើរួច និងសំបកខ្សែភ្លើងមួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី ឈ្មោះ ឡាច លន ហៅ ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជាសន្តិសុខ កំពុងអង្គុយយាមនៅបុរីហេងឃៀង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែឃើញជនសង្ស័យឈ្មោះ រ៉ា ឆវិន ភេទប្រុស អាយុ២០ឆ្នាំ បានលោតផ្លោះរបងចូលក្នុងការដ្ឋានសំណង់បុរីហេងឃៀង ។ ឃើញដូចនេះឈ្មោះ ឡាច ឡន ហៅ ពៅ មានការសង្ស័យក៏បានទៅប្រាប់ជនរងគ្រោះឈ្មោះ ចឹម ថៃ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេការសំណង់ រួចជនរងគ្រោះ និងឈ្មោះ ឡាច លន ហៅ ពៅ ក៏បានដើរទៅមើលឃ្លាំងដាក់សម្ភារៈសំណង់ បានឃើញជនសង្ស័យកំពុងលួចខ្សែភ្លើងមិនទាន់ប្រើចំនួន០១ដុំ និងខ្សែភ្លើងប្រើរួចមួយចំនួន ប្រមូលដាក់ក្នុងការ៉ុងពណ៌លឿង។ ពេលនោះជនរងគ្រោះនិងឈ្មោះ ឡាច លន ហៅ ពៅ ក៏បានឃាត់ខ្លួនជនសង្ស័យ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រូបគេ (ជនសង្ស័យ) ពិតជាបានចូលលួចខ្សែភ្លើងរបស់ជនរងគ្រោះ បានសម្រេចម្តងរួចហើយ យកទៅលក់ឱ្យឈ្មោះ ហុង ស្រីអិត ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយសមត្ថកិច្ចយើងក៏បាននាំជនសង្ស័យទៅឃាត់ឈ្មោះ ហុង ស្រីអិត ដែលជាអ្នកទទួលទិញខ្សែភ្លើងខាងលើ រួមនិងវត្ថុតាង ខ្សែភ្លើងប្រើរួចមួយចំនួន និងខ្សែភ្លើងមិនទាន់ប្រើចំនួន០៦ដុំ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរឈ្មោះ ហុង ស្រីអិត រួចសមត្ថកិច្ចយើងក៏បានធ្វើកិច្ចសន្យា លិខិតធានាឱ្យឈ្មោះ ហុង ស្រីអិត វិលត្រឡប់ទៅផ្ទះវិញ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ភារ៉ា ដង្កោ