ភ្នំពេញ៖ យុវជន៣នាក់ ត្រូវបាននរគបាលខណ្ឌទួលគោកឃាត់ខ្លួនយកមកសួរនាំ ក្រោយពួកគេបានជិះមូ៉តូ១គ្រឿងម៉ាក់ហុងដា សេ១២៥ ទៅបញ្ចាំនៅឃ្លាំងយីហោ(សេងហួរ) ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដោយគ្មានឯកសារត្រឹមត្រូវ គាប់ជួនកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ កំពុងល្បាតនៅក្បែរនោះក៏ឃាត់ខ្លួនតែម្តង ។
ករណីឃាត់ខ្លួនយុវជនទាំង៣នាក់ យកមកសាកសួររឿងយកម៉ូតូមកបញ្ចាំគ្មានឯកសារខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចហាងបញ្ចាំយីហោ(សេងហួរ) ទីតាំងផ្ទះលេខ១១បេ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជន៣នាក់ យកមកសាកសួរខាងលើនេះ គឺពួកគេបានជិះម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CB-0782 ចូលមកបញ្ចាំនៅហាងយីហោ(សេងហួរ) ស្រាប់តែសមត្ថកិច្ចមូលដ្ឋាន ដែលដឹកនាំដោយលោក សុឹម ពិសិដ្ឋ អធិការរងទទួលផ្នែកយុតិធម៌ខណ្ឌទួលគោកនិងលោក សុិន ប៊ុនរី នាយប៉ុស្តិ៍ទឹកល្អក់ទី៣ បានឃាត់ខ្លួនយុវជនទាំង៣នាក់នេះ យកទៅសាកសួរ ដើម្បីរកឯកសារពាក់ព័ន្ធជាមួយនិងម៉ូតូដែលពួកគេប្រុងយកមកបញ្ចាំ ថា តើសវាអាចជាម៉ូតូដែលលួចគេ ឬក៏ជាម៉ូតូដែលចោរទើបនិងប្លន់បានថ្មី ពីព្រោះនៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានករណីក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូ SL មួយគ្រឿង បានទៅភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង គេចខ្លួនដោយសុវត្តិភាពផងដែរ ។
ចំណែកឯក្រុមយុវជនដែលសង្ស័យ ក៏បានប្រាប់សមត្ថកិច្វថាខ្លួនជាម្ចាស់ម៉ូតូពិតប្រាកដមែន ហើយមានឯកសារនៅផ្ទះតែដោយគ្មានសមាជិកក្រុមគ្រួសារនៅផ្ទះឡើយទើបសុំសមត្ថកិច្ចទៅយកឯកសារផងដែរ ។
លោក សឹុម ពិសិដ្ឋ អធិការរងទទួលផ្នែកយុតិ្តធម៌បានឲ្យដឹងថា យុវជនទាំង៣នាក់ដែលឃាត់ខ្លួនដំបូងនោះ គឺមិនមានការពាក់ព័ន្ធនិងបទល្មើសអ្វីនោះទេ គឺម៉ូតូរបស់គាត់មានឯកសារត្រឹមត្រូវ ហើយម៉ូតូនោះគឺពួកគេបានទិញបង់រំលោះនៅក្រុមហុ៊នអីុអន ហើយបងស្រីរបស់ក្រុមយុវជនសង្ស័យក៏បានយកឯកសារត្រឹមត្រូវឲ្យសមត្ថកិច្ចត្រួតពិនិត្យមើលជាក់ស្តែង ។
ក្រោយធ្វើការសាកសួររួចយុវជនទាំង៣នាក់នោះនិងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកត្រលប់ទៅផ្ទះវិញផងដែរ ៕
ដោយ៖ ស ដារ៉ា