ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា, បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ ព្រោះបានប្រែក្លាយពីប្រទេសធ្លាប់ច្បាំងគ្នា មកជាប្រទេសមានការបោះឆ្នោត ពហុបក្ស មានអង្គការសិទ្ធិមនុស្សជាដើម ។
សូមបញ្ជាក់ថា, ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ត្រី ។
សូមជម្រាបថា, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាពិភាក្សា ស្តីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និង យុត្តិធម៌នៅកម្ពុជា” ដែលប្រព្រឹត្តិទៅនៅថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
វេទិកាពិភាក្សានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្តាញ សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយធ្វើការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ អង្គភាព និងបណ្តាសារព័ត៌មាននានា លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក។ កិច្ចសន្ទនានេះ ធ្វើឱ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់សេវាយុត្តិធម៌សាធារណៈ។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ៕
ដោយ : សិលា