តុលាការ សម្រេចមិនឃុំខ្លួនលោក កឹម សុខា ទេ តែបានព្រមានមិនឲ្យលួចធ្វើសកម្មភាពនយោបាយទៀត

ចែករំលែក៖

ភ្នំពេញ÷ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២ បានសម្រេចមិនឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិតាមការប្តឹងរបស់ព្រះរាជអាជ្ញាឡើយ គ្រាន់តែបានព្រមានមិនឲ្យលោក កឹម សុខា ពាក់ព័ន្ធនឹងសកម្មភាពនយោបាយណាមួយទៀត។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងរបស់លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក កឹម សុខា។

លោកស្រី ម៉េង សុភារី បាន​សរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖ «ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានប្តឹងសុំឲ្យក្រុមប្រឹក្សាជុំនុំជម្រះធ្វើការឃុំខ្លួនឯកឧត្តម កឹមសុខា ដោយយោងលើរបាយការសមត្ថកិច្ចនគរបាលថា ឯកឧត្តម កឹមសុខា បានបំពានបំរាមតុលាការត្រង់ចំណុចហាមឃាត់ការធ្វើសកម្មភាពនយោបាយ»។ ប៉ុន្តែ លោកស្រី បានអះអាងថា រហូតដល់ម៉ោងនាទី ១៖ ៤០នាទីរសៀលនេះ គឺក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសេចក្តីសម្រេចថា សកម្មភាពដូចក្នុងរបាយការណ៍សមត្ថកិច្ច គឺជាសកម្មភាពនយោបាយ ប៉ុន្តែមិនឃុំខ្លួនទេ គឺធ្វើការព្រមាន និងច្រានចោលការប្តឹងសុំរបស់ព្រះរាជអាជ្ញា។

ជាមួយគ្នានេះដែរអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ថា  «ការព្រមានលោក កឹម សុខា ត្រូវបានធ្វើឡើងនៅក្នុងពេលសវនាការតែម្តង និងចុះក្នុងកំណត់ហេតុសវនាការផងដែរ និងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពបែបនេះតទៅទៀតទេ ប្រសិនបើនៅតែបន្តនឹងអនុវត្តតាមផ្លូវច្បាប់»។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជំនួបជាមួយអ្នកគាំទ្រនៅខេត្តសៀមរាប លោក កឹម សុខា បានប្រកាសប្រាប់ពួកគេថា លោក និងលោក សម រង្ស៉ី បានបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាហើយ ដោយលោក សម រង្ស៉ី បានចាកចេញទៅចូលរួមគណបក្សភ្លើងទៀន ហើយបានវាយប្រហារមកលើរូបលោកថែមទៀត។ សំឡេងរបស់ លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី (RFA) នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ សកម្មភាពរបស់លោក កឹម សុខា នៅខេត្តសៀមរាប ជាសកម្មភាពបំពានលើបំរាមរបស់តុលាការ។

គួរបញ្ជាក់ថា លោក កឹម សុខា និងក្រុមមេធាវីកំពុងតតាំងរឿងក្តីក្តាំនៅតុលាការសាលាដំបូងរាជធានីភ្នំពេញក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទ ប្រកាន់ និងប្តឹងថា បា​នធ្វើសកម្មភាពនយោបាយនេះ គឺបន្ទាប់ពីរូបលោក និងសហការី បានចុះតាមបណ្តាខេត្តជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ និងបានទទួលជួបជាមួយអ្នកគាំទ្រនៅក្នុងផ្ទះរបស់លោកជា បន្តបន្ទាប់នាពេលកន្លងមកនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print