ខេត្តកណ្តាល៖ រោងដាំផ្សិតមួយកន្លែងក្នុងស្រុកអង្គស្នួល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចរោងបណ្តុះផ្សិតមួយកន្លែង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។
ក្នុងហេតុករណ៍នេះដែរគេសង្កេតឃើញមានវត្តមាន នគរបាលស្រុកអង្គស្នួលចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងកុំឲ្យឆាបឆេះរាលដាល់ផងដែរ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ម្ចាស់រោងបណ្តុះផ្សិតមានឈឈ្មោះ សូ ភិរម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ហេតុការណ៍នេះបានបណ្តាលឲ្យខូចខាតរោងថ្នាលបណ្តុះផ្សិត ធ្វើអំពីឈើប្រក់ស្បូវចំនួន៥ខ្នង ក្នុងមួយខ្នងមានទំហ៊ំ៤ម៉ែត្រគុណ៩ម៉ែត្រ និងខូចខាតផ្សិតចំនួន៦០ថ្នាល ។ ទំហ៊ំនៃការខូចខាតគិតជាទឹកប្រាក់ចំនួន១៨០០០ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពដដែលបានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យនេះបណ្តាលមកពីផ្កាភ្លើងដែលឆេះចេញពីឡចំហុយមេផ្សិតដែលស្ថិតនៅជាប់រោងបណ្តុះផ្សិតនេះ ៕
ដោយ៖ ស្អាងជ័យ