ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងពីរភេទ ចាប់ពីអាយុ១៥ឆ្នាំឡើង មិនទាន់បានបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណបណ្ណគំរូចាស់ សូមអញ្ជើញមកកាន់ស្នាក់ការរដ្ឋបាល ដែលកំពុងស្នាក់នៅដើម្បីបំពេញបែបបទ សុំផ្តល់ ឬប្តូរយកអត្តសញ្ញាណបណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា ការមកធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី ប្រជាពលរដ្ឋអាចយកភ្ជាប់មកជាមួយនូវសំបុត្របញ្ជាក់កំណើតច្បាប់ដើម និងថតចម្លងមួយច្បាប់ភ្ជាប់មកជាមួយ សៀវភៅស្នាក់នៅ (ក២) ច្បាប់ដើម និងថតចម្លង១ច្បាប់ ឬសៀវភៅគ្រួសារ (ក៤) ច្បាប់ដើម និងថតចម្លង១ច្បាប់ ហើយអត្តសញ្ញាណបណ្ណគំរូចាស់ ច្បាប់ដើម និងថតចម្លង១ច្បាប់ បើមាន ។
លោកបានបន្តឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ នឹងចាប់បម្រើសេវាជូនបងប្អូនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រៀងរាល់ម៉ោងធ្វើការ ហើយអត្តសញ្ញាណបណ្ណគំរូចាស់ ទោះមិនទាន់ផុតសុពលភាព ក៏ត្រូវប្តូរយកគំរូថ្មី ដែលមានឆីប ៕