ភ្នំពេញ ៖ ជនជាតិចិនមានស្រីមានប្រុសបានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញមួយកង់ រីឯរថយន្តក្រឡាប់ផ្ងារមួយចំហៀងខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខាងមុខក្រុមហ៊ុន ហុងដា និងជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នា៥នាក់ស្រី២នាក់ប្រុស៣នាក់បានជិះរថយន្តមួយគ្រឿងម៉ាកតូយូ៉តាព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2BB-9564ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរមួយកង់។ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារមួយចំហៀងខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ តែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនប៉ះពាល់ដល់មនុស្សណាម្នាក់ធ្ងន់នោះទេ គឺគ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ទីក្រុងចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ