ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះថា៖ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុខសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តព្រះសីហនុ នាពេលថ្មីៗនេះបានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់នៅតាមបណ្ដាទីផ្សារគោលដៅផ្សេងៗគ្នា។
មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនេះគោលបំណងធំនៃការត្រួតពិនិត្យគឺដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ណាមួយដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
ប្រភពដដែលបន្តថា ជាក់ស្ដែងយោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៨.២៧គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងពិន័យទៅតាមនីតិវិធី៕
ដោយ៖សហការី